សហគមន៍ទទឹកតាកេ ចងក្រងជាសហគមន៍ ដាំស្រូវសែនក្រអូប(០១) លក់បានតម្លៃខ្ពស់នៅលើទីផ្សារ

17-07-2025 21:01

(ព្រៃវែង)៖ សហគមន៍ទទឹកតាកេ ស្ថិតនៅឃុំ បន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានចងក្រង ជាសហគមន៍ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១៦គ្រួសារ បាននាំគ្នាធ្វើស្រូវសែនក្រអូប(០១) ជាលើកដំបូងនៅលើផ្ទៃដីប្រមាណ ៧៤ហិចតា ដែលទទួលបានកុងត្រា ការទិញពីឈ្មួញនៅក្នុងតម្លៃមួយគីឡូ ១,២៨០ ទៅ ១,៣០០រៀល។

លោក ទេព ម៉ៅ ជាអនុប្រធានសហគមន៍ទទឹកតាកេ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការធ្វើស្រូវសែនក្រអូប គឺទទួលបានតម្លៃខ្ពស់នៅក្នុងទីផ្សារជាងស្រូវផ្សេងៗដទៃទៀតដែលគាត់ធ្លាប់ធ្វើកន្លងមកហើយ ស្រូវនេះក៏ងាយស្រួលក្នុងការថែទាំនោះផងដែរ ដោយមិនសូវមានរោគដូចស្រូវដទៃទៀតប៉ុន្មាននោះទេ។ ស្រូវនេះក៏មានអាយុកាលមិនវែងប៉ុន្មាននោះដែរ ចាប់ផ្តើមដាំរហូតដល់ទទួលផលគឺរយៈពេលតែជាង១០០ថ្ងៃប៉ុណ្ណោះ។

លោក ទេព ម៉ៅ បានបន្តថា ពូជស្រូវសែនក្រអូបនេះដែរ វាធន់នឹងអាកាសធាតុ ធន់នឹងមេរោគ ប្រជាពលរដ្ឋមិនសូវនិយមធ្វើប៉ុន្មាននោះទេ ក៏ប៉ុន្តែស្រូវនេះគឺទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាកសិករដទៃទៀត ងាកមកប្រើប្រាស់ពូជស្រូវសែនក្រអូបនេះវិញ ព្រោះពូជស្រូវនេះធានាគុណភាព ធានាទាំងតម្លៃលើទីផ្សារផងដែរ៕