មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរ បន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ជំនាញ និងក្រមសីលធម៌វិជ្ជាជីរៈ
17-07-2025 21:15
(កំពត)៖ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ» ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ដ្រីរាជការក្រសួង និងមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ នៅខេត្តកំពត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បីដឹងពីបញ្ហាប្រឈមរបស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។
ថ្លែងនៅក្នុងឱកាសនេះ លោក ជាប សត្ថារតន៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំសិក្ខាសាលា វាគ្មិនទាំងអស់ ដែលអញ្ជើញមកពីអង្គភាពក្រោមឱវាទក្រសួង ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធថ្មីជូនដល់សិក្ខាកាមក្នុងសិក្ខាសាលា ព្រមទាំងក្រុមការងារសម្របសម្រួល និងសហការីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលានេះឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោក ជាប សត្ថារតន៍ ក៏បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីរៈ និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។
បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការអនុវត្ត និងថែរក្សាសមិទ្ធផលជាច្រើនដែល ក.ប.ទ. សម្រេចបានកន្លងមក ដែលទាំងអស់នេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះគាំទ្រដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយធ្វើយ៉ាងណាឱ្យផែនការសកម្មភាព និងទិសដៅការងារដែល ក.ប.ទ. បានដាក់ចេញ អាចសម្រេចបានជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាហើយក្លាយជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕