អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

17-07-2025 22:38

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១បប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំ លេខ០១ សណន ស្តីពីនិយាមប្រតិបត្តិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំវីដេអូសិប្បនិម្មិតរដ្ឋបាលខេត្ត ដោយបានការចូលរួមពី លោក តេង រតនា ប្រធានសាលាដំបូងខេត្ត, លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត, លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់ទាំង៣ប្រភេទ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះដែរ លោក ខូយ រីដា បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាន នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបង្រ្កាបដោយគ្មានការលើកលែង ជាពិសេសគ្មានការអន្តរាគមន៍លូកដៃ ជាដាច់ខាត។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា លេខ០១បប ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមានបទបញ្ជា៖

ទី១៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។

ទី២៖ ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។

ទី៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៤៖ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដា្ឋនអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេសមិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៥៖ ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិងអង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការតាមការចាំបាច់។

ទី៦៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូចលេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីគាំទ្រដល់ប្រតិបត្តិការនៅពេលទទួលបានបទបញ្ហា។

ទី៧៖ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្ដល់កិច្ចសហការនិងចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៨៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមាន អាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣)អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ និង(៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។

ទី៩៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ហានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ហា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង។

គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕