ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល៖ ថៃបានវង្វេងប្រវត្តិសាស្ត្រ វង្វេងដែនដី ឥឡូវថែមទាំងវង្វេងដែនយុត្តាធិការផ្លូវច្បាប់ទៀត !
17-07-2025 22:58
(ភ្នំពេញ)៖ ដើម្បីបិទបាំងអំពើអាក្រក់ និងវិបត្តិផ្ទៃក្នុងរបស់ខ្លួន ថៃបានបន្តលាបពណ៌ប្រឌិតបំពានលើកម្ពុជា តាមគ្រប់រូបភាព ។ ក្នុងគំនិតអគតិ និងចេតនាទុច្ចរិតធ្ងន់ធ្ងរ ថៃបានបង្កើតជាបណ្តឹងប្តឹងឥស្សរជនកំពូល និងមានអភ័យឯកសិទ្ធិនៃរដ្ឋអធិបតយ្យមួយ នៅតុលាការក្នុងប្រទេសរបស់ខ្លួន ព្រមទាំងប្រឌិតអង្គហេតុ អង្គច្បាប់ ផ្ទុយពីគោលការណ៍នីត្យានុកូលភាពជាតិ និងអន្តរជាតិ ក្នុងគោលបំណងបំភាន់ និងបំពានសមត្ថកិច្ចនគរបាលអន្តរជាតិ (INTERPOL) ។
នេះជាល្បែងដ៏កខ្វក់ គ្រោះថ្នាក់ និងបង្កើតនូវភាពអនាធិបតេយ្យនៃនិយាមការទូត សណ្តាប់ធ្នាប់-ទំនៀមទម្លាប់អន្តរជាតិ ដែលសកលលោកទាំងមូល អាចមើលឃើញពីកម្រិតនៃចំណេះដឹងការទូត និងភាពគឃ្លើន នៃរដ្ឋអធិបតេយ្យមួយ បានបំពានលើរដ្ឋអធិបតេយ្យមួយទៀត ។
ថៃគួរស្វែងយល់អំពីកម្ពុជា សម័យតេជោ-ធិបតី ដែលមានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ និងប្រកាន់ខ្ជាប់នូវការគោរពវិធានអន្តរជាតិ ភាពចាស់ទុំនៃទំនាក់ទំនងការទូត និងការដឹកនាំរដ្ឋបែបស៊ីវីល័យ លើឆាកអន្តរជាតិ៕