រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ

18-07-2025 12:34

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធី​អប​អរ​សាទរ​ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ ពិធី​អបអរ​សាទរដែលនឹងរៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ពិធីនេះក៏នឹងមានការ​អញ្ជើញ​​ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ​ពាក់​ព័ន្ធ បងប្អូនប្រជា​ពល​រដ្ឋ យុវជន យុវតី សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ដើម្បីអបអរសាទរ ក៏ដូចជាបង្ហាញនូវមោទនភាពរបស់ពួកគេ ចំពោះសមិទ្ធផលដ៏រីក​រាយនេះ។

សូមបញ្ជាក់ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទចុះ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេចលេខ 47 COM 8B.14។

«​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» រួមមានទីតាំង​ឧក្រិដ្ឋកម្ម​ក្នុងរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត​មន្ទីរ​ឃុំឃាំងម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការនូវ «​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ជា​បេតិក​ភណ្ឌ​​ពិភពលោកនា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះរមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។

«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​» គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។ សមិទ្ធផល​ទាំងនេះ កើត​ចេញពី​ការចូលរួមនៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេច​​​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​ជានិច្ចកាលតែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ច​ការ​​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ច​ភាព ប្រវត្តិសាស្ត្រ​ជាតិ​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ត​ទៀត​ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​ «បូជ​នីយ​ដ្ឋាន​ចងចាំ នៃ​កម្ពុជា​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោក​អំពី​ភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ «​វាល​ពិឃាដ​» មក​ជា «​ទឹកដី​សន្តិភាព​» មានតម្លៃ​ដ៏​ជ្រាលជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។

ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានគូសរំលេច​ថា ចាប់ពី​ពេលនេះ​តទៅ «​បូជនីយ​ដ្ឋាន​​ចងចាំនៃ​កម្ពុជា​» នឹង​ក្លាយ​ជា​ផ្នែក​មួយនៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​ បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក «​អរគុណ​សន្តិភាព»។

+ ប្រវត្តិសង្ខេបនៃបូជ​នីយ​ដ្ឋាន​ចងចាំនៃ​កម្ពុជា​ទាំង៣៖

អំឡុងពេលសង្គ្រាមស៊ីវិល​នាដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ខ្មែរក្រហមបានកាន់កាប់​តំបន់​មួយ​ចំនួនក្នុងប្រទេសកម្ពុជា ព្រមទាំងបានចាប់ផ្តើមអនុវត្តគោលនយោបាយ​សហ​ករណ៍ និងបង្កើតមន្ទីរឃុំឃាំងមួយចំនួនក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រោយថ្ងៃទី​១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានធ្វើទុក្ខទោសទារុណកម្ម បង្អត់អាហារ និង​ការ​សម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់។ ជាមួយគ្នានោះ ខ្មែរក្រហម​ក៏បង្កើត​គុកជាង ២០០កន្លែង និងវាលពិឃាដ ព្រមទាំងរណ្ដៅសាកសពនៅទូទាំងប្រទេស។

បច្ចុប្បន្នទីតាំងសំខាន់ៗចំនួន៣ក្នុងចំណោមគុករបស់ខ្មែរក្រហម ត្រូវបានរាជរដ្ឋា​ភិបាល​កម្ពុជា រៀបចំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក ដើម្បីជាការចងចាំ។ ទីតាំងទាំង៣ រួមមាន៖

១៖ អតីតមន្ទីរឃុំឃាំង ម-១៣

អតីតមន្ទីរឃុំឃាំង ម-១៣ មានទីតាំងនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង ជាប់ព្រំប្រទល់ នឹងខេត្តកំពង់ស្ពឺ និងជាកន្លែងឃុំឃាំង និងសួរចម្លើយ​នាអំឡុងពេលសង្គ្រាមស៊ីវិល (១៩៧០-១៩៧៥)។ ម-១៣ ជាទីតាំងសួរចម្លើយ ធ្វើ​ទារុណ​កម្ម និងកម្ទេច «ខ្មាំង» សម្រាប់ភូមិភាគពិសេស។ ជាទូទៅជនរងគ្រោះនៅ ម-១៣ ជាទាហាន លន់ នល់ ប្រជាជនក្នុងតំបន់ដែលមិនដើរតាមគោល​នយោបាយ​ខ្មែរក្រហម ជនភៀសសឹកពីទីប្រជុំជនឬទីក្រុង ជនបរទេស និងអ្នកទាំងឡាយ​ណា​ដែល​ខ្មែរក្រហមចោទថា «ខ្មាំង»

ជនរងគ្រោះ ភាគច្រើនត្រូវយកទៅសម្លាប់នៅក្បែរបរិវេណមន្ទីរ ប៉ុន្តែក៏មានជនរង​គ្រោះ​​មួយចំនួនតូចនៅរស់រានមានជីវិតដែរ រួមមាន អ្នកស្រុកអមលាំង និងលោក ប៊ីហ្សូ ជាអ្នកអភិរក្ស វប្បធម៌ជនជាតិបារាំង។

តាមការស្រាវជ្រាវបឋមរបស់ក្រុមការងារបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសក្ខីកម្មដែលបានពីសាលាក្ដីខ្មែរក្រហម (ឌុច និងសាក្សី) បានបង្ហាញថា មាន​ជនរងគ្រោះជាច្រើនពាន់នាក់ ត្រូវខ្មែរក្រហម សម្លាប់នៅ ម-១៣។ ម-១៣ ក៏ជា​កន្លែង​ដែលបានបង្រៀន ឌុច អំពីការធ្វើទារុណកម្ម សួរចម្លើយ និងការគ្រប់គ្រង​មន្ទីរឃុំ​ឃាំង ហើយ ឌុច ក៏បានយកបទពិសោធន៍នេះមកអនុវត្តនៅមន្ទីរស-២១។

ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជាវដីនេះពីប្រជាពល​រដ្ឋ​ក្នុង​បំណងថែរក្សា ការពារ និងរៀបចំឱ្យទៅជាទីតាំងចងចាំ។ នៅឆ្នាំ២០២០ ក៏បាន​ដាក់​បញ្ចូលជាស៊េរីជាមួយសារមន្ទីរទួលស្លែងនិងជើងឯក សម្រាប់ចុះក្នុងបញ្ជីបេតិក​ភណ្ឌ​ពិភពលោក។ មកទល់បច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ​អាជ្ញា​ធរដែនដី បានកំពុងថែទាំ និងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ​ដំបូង ដើម្បីប្រែ​ក្លាយ​ជាទីតាំងចងចាំ។ ចាប់ពីឆ្នាំ២០២៣ រហូតឆ្នាំ២០២៥ ទីតាំងនេះ ត្រូវបាន​ដឹងឭ​ជា​បណ្ដើរៗពីសំណាក់សាធារណជន ហើយទាក់ទាញអ្នកទស្សនា និងអ្នកស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រជាបន្តបន្ទាប់។

២៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១)

បន្ទាប់ពីទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋនៅឆ្នាំ១៩៧៥ សុន សេន កោះ​ហៅ ឌុច និង អ៊ុន លន ឱ្យរៀបចំមន្ទីរស-២១ នៅខែសីហា ឆ្នាំដដែល។ នៅខែ​តុលា​ដល់ខែ​វិច្ឆិកា ឆ្នាំ១៩៧៥ មន្ទីរស-២១ មានទីតាំងនៅបណ្ដុំផ្ទះ ត្រង់ផ្លូវ១៦៣ កែងនឹង​ផ្លូវ​៣៦០។ ក្រោយមកនៅចន្លោះខែវិច្ឆិកា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៦ ស-២១ បានប្តូរមកអគ្គស្នងការដ្ឋាននគរបាលជាតិ (អតីតគុកប៉េហ្សី)។

បន្ទាប់មកទៀត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ១៩៧៦ បានប្តូរមកទីតាំងចាស់ និង​ចុងក្រោយបង្អស់ផ្លាស់មកអតីតវិទ្យាល័យទួលស្វាយព្រៃ (ខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ១៩៧៩)។ ខ្មែរក្រហម ប្រើប្រាស់អគារវិទ្យាល័យទួលស្វាយព្រៃ សា​លា​បឋមសិក្សាទួលស្លែង និងផ្ទះនៅជុំវិញមួយចំនួនទៀត សម្រាប់ជាទីតាំង​នៃមន្ទីរ​ស-២១ ឬគុកទួលស្លែង (បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង)។

មន្ទីរស-២១ ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នក​ទោស ដែលខ្មែរក្រហមចោទថាជា «ខ្មាំង»។ ដំបូងឡើយ មន្ទីរស-២១ ស្ថិតក្រោម​ការ​គ្រងគ្រប់របស់ អ៊ុន ឡន ហៅណាត (ខែតុលា ឆ្នាំ១៩៧៥ ដល់ខែមីនា ឆ្នាំ១៩៧៦) និងចាប់ពីខែមីនា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ស្ថិតក្រោមការគ្រប់​គ្រង​របស់ ឌុច។ នារយៈពេលនៃដំណើរការមន្ទីរស-២១ មានជនរងគ្រោះបាត់បង់ជីវិត​ចំនួន ​១៨.០៦៣នាក់ ក្នុងនោះមានតែត ១២នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិត (ក្មេង​ ៤នាក់ និងពេញវ័យ ៨នាក់) នាថ្ងៃចុងក្រោយ ៧ មករា ១៩៧៩។ មកទល់​ពេលបច្ចុប្បន្ននេះ សាក្សីរស់នៅសល់តែ៣រូបប៉ុណ្ណោះ ហើយដែលកំពុង​ទទួល​បាន​ការយកចិត្តទុកដាក់ជាប្រចាំពីសារមន្ទីរទួលស្លែង។

ក្រោយការ​ផ្ដួល​រលំ​របបកម្ពុជាប្រជាធិបតេយ្យ រដ្ឋាភិបាលកម្ពុជាបាន​ប្រែក្លាយទីតាំ​ង​នេះ ​ឱ្យទៅជាសារមន្ទីរ ដែលបង្ហាញពីឧក្រិដ្ឋកម្មប្រព្រឹត្តដោយខ្មែរក្រហម និងជា​កន្លែង​​ចងចាំចំពោះជនរងគ្រោះ ព្រមទាំងព្រឹត្តិការណ៍នានា ក្នុងសម័យនោះ។ រយៈ​ពេល​ជិតហាសិបឆ្នាំកន្លងមកនេះ មានប្រជាជនកម្ពុជា និងទេសចរបរទេសជាច្រើន​លាននាក់ ចូលទស្សនាសារមន្ទីរ។ ក្នុងឆ្នាំ២០១៩ មានទេសចរចូល​ទស្សនាសារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជិត ៥សែននាក់។ បច្ចុប្បន្នសារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។

៣៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាដជើងឯក)

នៅប្រហែលឆ្នាំ១៩៧៦ ដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ ឌុច ប្រធានមន្ទីរស-២១ បាន​ជ្រើសរើស និងបញ្ហាឱ្យកម្មាភិបាលក្រោមបង្គាប់ រៀបចំទីតាំងបឹងជើងឯក (បច្ចុប្បន្ន​ជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីជាកន្លែងសម្លាប់ និងកប់​សាកសព​អ្នក​ជាប់ឃុំ ដែលបញ្ចូនចេញពីស-២១។ ការសម្លាប់មនុស្សនៅជើងឯក ជាការងារ​អចិន្ត្រៃយ៍ ដែលបុគ្គលិក ស-២១ ប្រចាំការ និងទទួលខុសត្រូវសម្លាប់​ទាំង​យប់​ទាំង​ថ្ងៃ។ ភាគច្រើននៃជនរងគ្រោះនៅ ស-២១ ត្រូវបញ្ជូនមកសម្លាប់នៅជើងឯក។

រហូតដល់ឆ្នាំ១៩៨០ ទីតាំងសម្លាប់ និងកប់សាកសពបឹងជើងឯក ត្រូវរកឃើញ និង​គាស់​កកាយ។ ក្នុងចំណោម ១២៩រណ្ដៅ មានរណ្តៅសាកសពចំនួន៨៦ ត្រូវបានជីក​កកាយ ព្រមទាំងបានរកឃើញគ្រោងឆ្អឹង និងលលាដ៍ក្បាលជនរងគ្រោះ ចំនួន ៨៩៨៥​​នាក់។ ក្រោយមកចាប់ពីឆ្នាំ១៩៨៤ រដ្ឋាភិបាលបានរៀបចំទីតាំង​នេះ ឱ្យក្លាយ​ជាបូជនីយដ្ឋាន សម្រាប់ការចងចាំ និងការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅទីនេះ។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក តែងរៀបចំពិធីទិវាចង​កំហឹង ២០ ឧសភា (បច្ចុប្បន្នជា ទិវាជាតិនៃការចងចាំ ២០ ឧសភា)។

បច្ចុប្បន្នមជ្ឈមណ្ឌលជើងឯក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភាគនិរតីនៃរាជធានីភ្នំពេញ និងប្រហែលជាង​១៥គីឡូ​ម៉ែត្រ ខាងត្បូងសារមន្ទីរទួលស្លែង។

ទំនាក់ទំនងនៃអតីតមន្ទីរឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​ទួល​ស្លែង (អតីតមន្ទីរឃុំឃាំង ២១ ឬ ស-២១) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​​​ជើងឯក (វាលពិឃាដរបស់ ស-២១) បង្ហាញពីឧក្រិដ្ឋកម្ម ដែលកើតឡើង​ជា​ប្រព័ន្ធនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងមុនពេលខ្មែរក្រហមកាន់កាប់អំណាច។

ប្រព័ន្ធនៃការឃុំឃាំង និងបុគ្គលិកដែល ឌុច បានបណ្តុះបណ្តាល ក្លាយជាផ្នែកសំខាន់​នៃការអនុវត្តការងារសួរចម្លើយ ធ្វើទារុណកម្ម នៅទួលស្លែង និងសម្លាប់នៅជើងឯក។ ទោះជាយ៉ាងនេះក្តី ទីតាំងអតីតម-១៣ មិនសូវមានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ ឬសាធារណជនទេ ដ្បិតមិនទាន់មានការរៀបចំឱ្យទៅជាទីតាំងប្រវត្តិសាស្ត្រ ដែលខុស​ពីសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ជើងឯក។

ទាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យ​ពូជ​សាសន៍ជើងឯក បានដើរតួនាទីជាកន្លែងចងចាំ ផ្សព្វផ្សាយនូវការអប់រំ សន្តិភាព និង​ការបង្រួបបង្រួមជាតិអស់រយៈពេលជាង៤០ឆ្នាំ។ ទីតាំងទាំងពីរនេះ ទទួលបានអ្នក​ទស្សនា​ប្រហែលមួយពាន់នាក់ជារៀងរាល់ថ្ងៃ ដែលមកសិក្សានិងធ្វើជាសាក្សី​ចំពោះ​អ្វីដែលបានកើតឡើង នៅទីនេះ។ ដោយឡែកចំពោះអតីតមន្ទីរឃុំឃាំង ម-១៣ កំពុង​រៀបចំដំណើរការ ដើម្បីផ្សព្វផ្សាយនិងចងចាំរឿងរ៉ាវនៃ អំពើឃោរឃៅដូចទីតាំង​ទាំង​ពីរ​ខាងលើដែរ៕