អភិបាលខេត្តប៉ៃលិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ មិនឱ្យមាននៅក្នុងមូលដ្ឋានខេត្ត
18-07-2025 14:24
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ បានអះអាងថា៖ «កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានក្រើនរម្លឹកដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្ដីពីការ អនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ច អំពីករណីដែលមានការសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជនស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល៕