អនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល! កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ចូលរួមប្រតិបត្តិការត្រួតពិនិត្យរថយន្តដឹកជនបរទេសសង្ស័យបទល្មើស Online Scams, ចាប់ជនបរទេសជិត៥០០នាក់

18-07-2025 14:53

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បានចុះត្រួតពិនិត្យរថយន្តដឹក ជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថា មានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន៣៦នាក់។

ក្នុងនោះសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន២៨គ្រឿង រួមមាន រថយន្តកូរ៉េដឹកទំនិញ ២គ្រឿង និងរថយន្តប្រភេទទេសចរណ៍២៦គ្រឿង (ធំ១គ្រឿង) និងដកហូតសម្ភារជាវត្ថុតាងដើម្បីរក្សាទុក ម៉ូនីទ័រចំនួន៧៨គ្រឿង, ធុង CPU ចំនួន១០គ្រឿង, ទូរស័ព្ទដៃ ចំនួន១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន២គ្រឿង, KeyBoard ចំនួន៤៩គ្រឿង, ទូរទស្សន៍ ចំនួន១គ្រឿង និងសម្ភារសម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងបរិវេណ នៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម្មត់ចត់ ខណៈគណៈបញ្ជាការឯកភាព ស្រុកកណ្តាលស្ទឹង កំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន។

សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឲ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕