ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជាង៧ខែឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោង

18-07-2025 14:56

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោងហើយ ខណៈដែលពេញមួយឆ្នាំ២០២៤ បានអនុម័ត ៤១៤គម្រោងនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «៦ខែ ឆ្នាំ២០២៥ យើងបានអនុម័តគម្រោងបាន ៣៧៣គម្រោង ដែលមានទុនវិនិយោគ ៥.៨ប៊ីលានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបឆ្នាំ២០២៣ យើងអនុម័តបានតែ ២៦៨គម្រោងនោះទេ ហើយបើបូករហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ យើងបានអនុម័តចំនួន ៤០២គម្រោង ខណៈពេញមួយឆ្នាំ២០២៤ យើងបានអនុម័ត ៤១៤គម្រោង ដូចនេះខ្វះតែ ១២គម្រោងទៀតទេ គឺស្មើនឹងឆ្នាំ២០២៤ហើយ»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសង្ឃឹមថា នឹងអាចអនុម័តគម្រោងបានប្រមាណ ៥០០គម្រោង ដែលជាប្រវត្តិសាស្ត្រមិនដែលមានសម្រាប់កម្ពុជា ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕