ក្រសួងសង្គមកិច្ច បន្តជំរុញឱ្យម្ចាស់អាជីវកម្ម ដែលមាននយោជិតចាប់ពី១០០នាក់ឡើង ចុះបញ្ជិកាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
18-07-2025 15:18
(ព្រះសីហនុ)៖ ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ជា សុមេធី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ» ដែលបានប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច, លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ, លោក លោកស្រី ថ្នាក់ដឹកនាំនៃនាយកដ្ឋានសុខុមាលភាពជនពិការ តំណាង ម.ជ.ព, លោកប្រធានមន្ទីរ ស.អ.យ. ខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តំណាងសមាគម (TAFTAC) និងតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន ចូលរួមសរុបចំនួនប្រមាណ ១០០នាក់ ប្រព្រឹត្តទៅនៅមន្ទីរ ស.អ.យ. ខេត្តព្រះសីហនុ។
ជាការកត់សម្គាល់មានក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ក្នុងខេត្តព្រះសីហនុ ដែលមានបុគ្គលិក កម្មករ និយោជិត ចាប់ពី ១០០នាក់ឡើងទៅប្រមាណជាង១០០ទីតាំង។
ក្នុងនាមតំណាងក្រសួងសង្គមកិច្ច លោកជំទាវរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ចំនួន៦ ដើម្បីបន្តជំរុញឱ្យម្ចាស់អាជីវកម្ម ដែលមាននយោជិតចាប់ពី១០០នាក់ឡើង ចុះបញ្ជិកាអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលនៅក្នុងនោះមានដូចជា៖ ១. ស្នើគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ២. ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បំពេញកាតព្វកិច្ចចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ៣. គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់១%។ ៤. ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាមឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។ ៥. រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប។ ៦. ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន៕