មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ឯកភាពបន្ដដើរលើគោលដៅរួមតាមរយៈការហ្វឹកហ្វឺន ការផ្លាស់ប្ដូរ និងកសាងសមត្ថភាពជាមួយគ្នា
18-07-2025 15:51
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានឯកភាពគ្នាបន្ដការងារយ៉ាងជិតស្និត ក្នុងគោលដៅរួមតាមរយៈការហ្វឹកហ្វឺនរួមគ្នា ការផ្លាស់ប្ដូរ ការកសាងសមត្ថភាព និងការបង្កើនសមត្ថភាពអន្ដរប្រតិបត្តិការ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កិច្ចសហប្រតិបត្តិការត្រូវបានពង្រឹង ដោយការអនុវត្តជោគជ័យ នៃកម្មវិធីហ្វឹកហ្វឺនរួមគ្នាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលបានរួមចំណែកលើកកម្ពស់ សមត្ថភាពប្រតិបត្តិការ ដែលជាឧទាហរណ៍ជាក់ស្តែងនៃភាពជាដៃគូ។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់កងទ័ពហ្វីលីពីន តាមរយៈការទទួលយោធិនកម្ពុជា ទៅហ្វឹកហ្វឺន និងការបញ្ជូនគ្រូមកកម្ពុជា ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងជួយការកសាងសមត្ថភាព ពង្រឹងមិត្តភាព និងសន្តិសុខនៅក្នុងតំបន់។ កងទ័ពជើងគោកកម្ពុជា ប្ដេជ្ញាចិត្តក្នុងការធ្វើការ យ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីនជំរុញគោលដៅរួម ក្នុងការតាមរយៈការហ្វឹកហ្វឺនរួមគ្នា ការផ្លាស់ប្តូរ ការកសាងសមត្ថភាព និងការបង្កើន សមត្ថភាពអន្តរប្រតិបត្តិការ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានស្នើកងទ័ពជើងគោកហ្វីលីពីនបន្តគាំទ្រដល់ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ ចំនួន១៧ សម្រាប់ឆ្នាំ២០២៦-២០២៧ ដែលក្រុមការងារបានព្រាងឡើង។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានគាំទ្រនូវរាល់ផែនការសកម្មភាព ចំនួន១៧ ដែលក្រុមការងារទាំងពីរ បានព្រាងឡើងសម្រាប់ឆ្នាំ២០២៦-២០២៧។ លោកបន្ដថា កងទ័ពជើងគោកហ្វីលីពីន នឹងទទួលយកយោធិនកម្ពុជា ទៅបណ្តុះបណ្តាលវគ្គនាយទាហាន (OFFICER COURSE) ដែលមានរយៈពេល៩ខែនៅប្រទេសហ្វីលីពីន។
លោកបន្ដថា កងទ័ពជើងគោកហ្វីលីពីន រីករាយក្នុងការផ្លាស់ ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេងជាមួយកម្ពុជា ហើយនឹងមានរៀបចំយោធិននារីចូលរួម ដើម្បីមានតម្លាភាព និងស្មើភាព។ កម្ពុជា និងកងទ័ពជើងគោកកម្ពុជា គឺជាដៃគូដ៏ទុកចិត្តរបស់ហ្វីលីពីន ហើយក្នុងនាមជាដៃគូនៅក្នុងតំបន់អាស៊ាន ត្រូវសហការគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមនៅក្នុងតំបន់។
កងទ័ពជើងគោកហ្វីលីពីន ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាញ់កាំភ្លើងអាស៊ាន (AARM) និងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន ក្នុងឆ្នាំ២០២៧ខាងមុខ៕