បទវិភាគ៖ បោះជំហានទៅមុខជាបន្តទៀត ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាមានភាពកាន់តែរឹងមាំ

18-07-2025 17:02

(ភ្នំពេញ)៖ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥ ប្រទេសចិននិងកម្ពុជានឹងទទួលខណៈពេលដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ពោលគឺខួបទី ៦៧ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ។ ក្នុងនិម្មាបនកម្មអន្តរជាតិដែលកំពុងប្រឈមមុខនឹង ការសាកល្បងនៃបម្រែបម្រួល ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងដ៏ច្រើនរាប់មិនអស់ ពីពេលវេលាដ៏អស្ចារ្យនៃការពួតដៃគ្នា ដើម្បីស្វែងរកឯករាជ្យភាពនិងការរំដោះប្រជាជាតិ ដល់ដំណើរការតស៊ូព្យាយាមនៃការរួមគ្នា ឈ្វេងយល់ពីកិច្ចកសាងនិងការអភិវឌ្ឍជាតិ រហូតដល់កិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រ ក្រោមក្របខ័ណ្ឌរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងដោយចិត្តស្មោះ និងរាប់អានជាមួយគ្នា យ៉ាងស្មោះត្រង់ជាប់រហូតមក ដែលបានរួមគ្នាចារទំព័រថ្មីក្នុងយុគសម័យនៃមិត្តដែកថែប ក្នុងប្រវត្តិសាស្ត្រប្រាស្រ័យទាក់ទង ដោយមេត្រីភាពដ៏យូរលង់។

មូលដ្ឋានគ្រឹះនៃចំណងមិត្តភាពចិន-កម្ពុជា ត្រូវបានបង្កើតឡើងក្នុងការតស៊ូប្រយុទ្ធរំដោះជាតិរបស់ប្រជាជនចិននិងកម្ពុជា ដើម្បីប្រឆាំងនឹងការឈ្លានពានពីបរទេស។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ ១៩៥៨ មក ចំណងមេត្រីភាពប្រពៃណីដែលរួមគ្នាពូនជ្រំ និងបណ្តុះបំប៉នដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ បានឆ្លងកាត់ពេលវេលា រឹតតែយូររឹតតែរឹងមាំ ដែលបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ មិនថាស្ថានការណ៍អន្តរជាតិនិងតំបន់មានការប្រែប្រួល យ៉ាងណាក្តី ជានិច្ចកាល ភាគីទាំងពីរចិននិងកម្ពុជាតែងតែប្រកាន់ខ្ជាប់ ការកសាងទំនុកចិត្តចំពោះគ្នាក្នុងកម្រិតខ្ពស់ ប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព ក៏ដូចជាប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងពួតដៃគ្នាកសាង សហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលដែលបានបំពេញបន្ថែម នូវខ្លឹមសារថ្មីនិងកម្លាំងរស់រវើកថ្មីសម្រាប់ "មិត្តភាពដែកថែប" ។ ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ចាប់ពីការកំណត់ទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដល់ការពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មី រហូតដល់ការកសាង សហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ទំនាក់ទំនងរវាងចិននិងកម្ពុជាសម្រេចបាន នូវការអភិវឌ្ឍបែបលោតផ្លោះជាបន្តបន្ទាប់។

ហេតុអ្វីបានជាទំនាក់ទំនងចិន-កម្ពុជាទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ? ជាបឋម គឺដោយមកពីចំណងមិត្តភាពដែកថែប យ៉ាងប្រាកដប្រជា ។ ជាច្រើនឆ្នាំកន្លងមក ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងគោរពជម្រើសរបស់ប្រជាជនកម្ពុជា សម្រាប់គាំពារអធិបតេយ្យភាពនិងឯករាជ្យភាព។ បន្ទាប់ពីរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើងនាឆ្នាំ១៩៩៣មក ប្រទេសចិនបានបន្តផ្តល់ការគាំទ្រ និងជំនួយយ៉ាងស្មោះស្ម័គ្រ និងមិនគិតពីផលប្រយោជន៍ក្នុងវិស័យជាច្រើនដូចជា កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកសិកម្មនិងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ។ កាលពីដើមឆ្នាំ ២០២០ ក្នុងបរិបទដែលជំងឺកូវីដ ១៩ បានរីករាលដាលយ៉ាងធ្ងន់ធ្ងរ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសចិន ហើយបានឈរនៅជាមួយប្រជាជនចិន យ៉ាងមុតមាំដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ចំណែកប្រទេសចិនបាននាំមុខគេ ក្នុងការចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ទៅកាន់ប្រទេសកម្ពុជាដោយផ្តល់នូវវ៉ាក់សាំង និងជំនួយជាសម្ភារៈបន្ទាន់ ដែលបានបកស្រាយយ៉ាងរស់រវើក នូវខ្លឹមសារនៃសុភាសិតមួយដែលថា "ក្នុងគ្រាលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ"។

ព្រមជាមួយគ្នានេះ ប្រទេសទាំងពីរចិននិងកម្ពុជា សុទ្ធតែតស៊ូព្យាយាមដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវទំនើបកម្ម ហើយកំពុងជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បន្ស៊ីគ្នាយ៉ាងស៊ីជម្រៅជាមួយ យុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា។ ការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធទទួលបាន ប្រសិទ្ធភាពដ៏លេចធ្លោ៖ក្នុងនាមជាផ្លូវល្បឿនលឿនដំបូងរបស់ប្រទេសកម្ពុជា ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ បានបង្រួមពេលធ្វើដំណើរពី ៥ ម៉ោងនៅកាលពីមុនមកនៅត្រឹមមិនដល់ ២ ម៉ោង ក្នុងនាមជាគម្រោងសំខាន់ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញ សហគ្រាសនិងស្ថាប័នអន្តរជាតិចំនួនជាង ២ រយដែលបានបង្កើតឱកាសការងារចំនួន ៣ ម៉ឺន ២ ពាន់កន្លែង ។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទទួលបាន លទ្ធផលជាផ្លែផ្កា៖

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាប្រភពវិនិយោគធំទីមួយរបស់កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួន ១៧,៨៣៤ ប៊ីលានដុល្លារអាមេរិកដែលបានកើនឡើង ២០,៣ ភាគរយបើប្រៀបធៀននឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ដោយឡែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានព្យាករណ៍ថា ក្រោមការជំរុញនៃការវិនិយោគមកពីចិន ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជានឹងរក្សាកំណើន ប្រកបដោយកម្រិតខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន មានភាពញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃ៖ប្រទេសចិនបានក្លាយជាប្រទេសជាប្រភពនិស្សិត បន្តការសិក្សាដ៏ធំបំផុតរបស់កម្ពុជា និងជាប្រភពភ្ញៀវទេសចរដ៏សំខាន់ ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បានដើរតួនាទីពិសេសជាស្ពាននិងចំណងមិត្តភាព សម្រាប់ជំរុញទំនាក់ទំនងរវាង ចិននិងកម្ពុជាជាប់រហូតមក ។

ឆ្នាំ ២០២៥ គឺជា "ឆ្នាំទេសចរណ៍ចិន-កម្ពុជា "។ ទស្សនាវដ្តី «Travel And Tour World»របស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទដោយ ប៉ាន់ប្រមាណថា នឹងជំរុញឱ្យចំនួនភ្ញៀវទេសចរចិនដែលទៅដើរកម្សាន្ត នៅកម្ពុជាកើនឡើងយ៉ាងខ្លាំង ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍រដ្ឋាភិបាលដល់ភាគីកម្ពុជា គាំទ្រការបង្កើតយន្តការសន្ទនា និងផ្លាស់ប្តូររវាងយុវជនចិននិងកម្ពុជា ហើយលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋាន ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត ធ្វើសកម្មភាពផ្លាស់ប្តូរកាន់តែច្រើន ។ ប្រការនេះនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ។

តើត្រូវជំរុញការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលតាមរបៀបណា ? ឥស្សរជនវិភាគ បានលើកឡើងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង សំណើ "កាន់តែខ្ពស់" ចំនួន ៥ ចំណុច ពោលគឺ ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយ ដែលមានកម្រិតកាន់តែខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពកាន់តែខ្ពស់ បង្កើតការធានាខាងសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់ ធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើន និងពង្រឹងកិច្ចសហការជាយុទ្ធសាស្រ្ត ដែលមានស្តង់ដារកាន់តែខ្ពស់ ។ សំណើ"កាន់តែខ្ពស់"ទាំង ៥ ចំណុចនេះបានចង្អុលបង្ហាញ យ៉ាងច្បាស់លាស់នូវទិសដៅសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងកម្ពុជាក្នុងដំណាក់កាលបន្ទាប់ ហើយក៏បានបំពេញបន្ថែមខ្លឹមសារ ក្នុងយុគសម័យថ្មីសម្រាប់ការកសាង សហគមន៍រួមវាសនាចិន-កម្ពុជាផងដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅថែមទៀត ក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ" រវាងចិននិងកម្ពុជាមានភាពសម្បូរបែបឥតឈប់ឈរ ការកសាង "ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆានិងអង្ករ" ទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបតិ្តការក្នុងគ្រប់វិស័យ ទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់ដែលបានផ្តល់ ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែក សម្រាប់ការគាំពារសន្តិភាពនិងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

ចំណងមិត្តភាពរវាងចិននិងកម្ពុជាដែលអស់រយៈពេល ៦៧ ឆ្នាំបានរួមសុខរួមទុក្ខជាមួយគ្នា ហើយបានឆ្លងកាត់ពេលវេលា រឹតតែយូររឹតតែរឹងមាំ។ ក្នុងដំណើរដ៏មហិមានៃការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ មិត្តដែកថែបចិន-កម្ពុជាប្រាកដជានឹងបន្តពង្រឹងការកសាង ទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការតភ្ជាប់ដួងចិត្តប្រជាជននិងពួតដៃប្រកៀកស្មាគ្នា ដើម្បីរួមគ្នាចារទំព័រថ្មីនៃចំណងមិត្តភាពជាក់ជាមិនខាន ។ ផ្លូវមិត្តភាពនេះដែលរួមគ្នាក្រាលដោយប្រវត្តិសាស្ត្រ រួមគ្នាត្រួសត្រាយនាបច្ចុប្បន្នកាលនិងរួមគ្នាពង្រីក នៅពេលអនាគតមុខជានឹង កាន់តែធំទូលាយនិងកាន់តែរឹងមាំជាក់ជាមិនខាន ក្នុងន័យនាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើន ជូនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែខ្លាំងក្លា សម្រាប់ការជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន