សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខែកក្កដាជាវេលាដ៏មានន័យធំធេញសម្រាប់កម្ពុជា, សម្បត្តិបេតិកភណ្ឌចំនួន៣ ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក (Video inside)
18-07-2025 17:19
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខែកក្កដានេះ បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ដោយខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានត្រូវទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្បត្តិបេតិកភណ្ឌជាតិទាំង៣របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោកនោះ រួមមាន៖
*ទី១៖ ប្រាសាទព្រះវិហារ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
*ទី២៖ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧
*ទី៣៖ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពី «វាលពិឃាដ» មកជាទឹកដីនៃសន្តិភាពការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ, ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជនយើង៕