សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» (Video inside)

18-07-2025 17:22

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ និងក្រុមការងារទាំងអស់ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ការថ្លែងអំណរគុណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញអបអរសាទរ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ត្រូវបានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ រៀបចំធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា សម្រាប់យុវជនជំនាន់ក្រោយទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ, សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារនាថ្ងៃអនាគតរបស់កម្ពុជាមួយ ប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និងបូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិយើង ដែលជាមូលដ្ឋានភាពរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង, ក្រុមការងារបច្ចេកទេស, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ជាពិសេសសាលារាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍ ការិយាល័យអង្គការយូណេស្កូភ្នំពេញ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC), ស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, អង្គការ KOICA អង្គការ GIZ-CPS, អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា : ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព រហូតទទួលបានជោគជ័យគួរជាទីមោទនៈ»។

ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់ក្រុមការងារដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវព្រឹត្តិការណ៍នាពេលនេះ, ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងជាមេដែកឆក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់ដ៏ខ្ពស់របស់យុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សិល្បករ សិល្បការិនី, បណ្ដាញសារ-ព័ត៌មាន និងជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី ក្នុងនាម «ខ្មែរតែមួយ»។

សម្តេចបវរធិបតី ក៏សូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ, ទាំងព្រះសង្ឃ ទាំងគ្រហស្ថ, សិស្ស-និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ, សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា, ស្ថាប័នរដ្ឋ និងឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ។

បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គ UNESCO នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីវេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ការ​ទទួល​ស្គាល់​ជា​ផ្លូវការ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ជា​បេតិកភណ្ឌ​ពិភពលោកនា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះ រមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា៖ រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។ «បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។

សមិទ្ធផល​ទាំងនេះកើត​ចេញពី​ការចូលរួម នៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេចតេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ចភាព ប្រវត្តិសាស្ត្រ​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ។

«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា» នឹង​ក្លាយ​ជា​ផ្នែក​មួយនៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក «​អរគុណ​សន្តិភាព»៕