សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ឱ្យបានគង់វង្ស ព្រោះជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រ កម្ពុជា (Video inside)
18-07-2025 17:46
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា យកចិត្តទុកដាក់ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រៀបចំធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនេះសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះអង្គការយូណេស្កូ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក, ស្ថាប័ន ICOMOS ICCROM, អ្នកជំនាញជាតិ-អន្តរជាតិ, អ្នករស់រានមានជីវិតពីរបប ប្រល័យពូជសាសន៍, អ្នកសិក្សាស្រាវជ្រាវនានា ដែលបានលះបង់ពេលវេលា, កម្លាំងកាយចិត្ត, ស្មារតី ដើម្បីរក្សាការពារទីតាំងទាំងបីនេះ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មដទៃៗទៀត ដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រ មួយដែលបន្តរំឭក ជាអមតៈក្នុងសតិសម្បជញ្ញៈរបស់មនុស្សជាតិទាំងមូល ក្នុងការរក្សាជាដាច់ខាតនូវភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ។
សម្តេចបវរធិបតីមានប្រសាសន៍ថា «ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ«បូជនីយដ្ឋានចងចាំកម្ពុជា»នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច ជាជ័យជម្នះនៃសន្តិភាពទៅលើភាពឃោរឃៅ និងជាជ័យជម្នះនៃការ ផ្សះផ្សារ ទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និងឧក្រិដ្ឋកម្មនានា។ ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា យកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ផងដែរថា ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ តែទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ។ ដូច្នេះហើយសូមយុវជនជំនាន់ក្រោយសិក្សារៀនសូត្រពីទីនេះ និងក្លាយខ្លួនជាអ្នកថែរក្សាការពារ នាថ្ងៃអនាគតរបស់កម្ពុជាប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និង បូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិកម្ពុជា ដែលជាមូលដ្ឋានភាពរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង។
ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង, ក្រុមការងារបច្ចេកទេស, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ជាពិសេសសាលារាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍ ការិយាល័យអង្គការយូណេស្កូភ្នំពេញ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC), ស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, អង្គការ KOICA អង្គការ GIZ-CPS, អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី«បូជនីយដ្ឋានចងចាំនៃកម្ពុជា»ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព រហូតទទួលបានជោគជ័យគួរជាទីមោទនៈ៕