Fresh Exclusive: មួយគ្រាប់ចុងក្រោយវាសនា ថាក់ស៊ីន ស្ថិតនៅលើដៃសម្តេចតេជោសែន!

18-07-2025 17:51

(ភ្នំពេញ)៖ ស្ថានការណ៍ជ្រួលច្របល់ក្នុងរង្វង់នយោបាយរបស់ថៃ កាន់តែកើនឡើងនៅពេលដែលមានសេចក្តីរាយការណ៍ថា សម្តេចតេជោ ហ៊ុន សែន ត្រៀមនឹងប្រើពេលវេលា៣ម៉ោង ក្នុងការបើកកកាយរឿង ថាក់ស៊ីន ដែលប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង។ លោក ថាក់ស៊ីន កាលពីថ្ងៃទី១៧ ខែកក្កដា បានអំពាវនាវដល់ពលរដ្ឋថៃ សូមកុំឱ្យជឿលើសម្តីរបស់អ្នកដឹកនាំនៃប្រទេសកម្ពុជា។ តើថាក់ស៊ីន អាចទប់នឹងរលកដែលកំពុងបោកបក់នេះបានដែរឬទេ? Fresh Exclusive រាយការណ៍៖

នៅក្នុងប្រព័ន្ធនយោបាយអាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃនេះជាដើម ការបាត់បង់អំណាចមិនមែនកើតឡើងដោយកំហុសតែមួយប៉ុណ្ណោះទេ វាតម្រូវឱ្យមានធាតុផ្សំបូកបញ្ចូលគ្នាជាច្រើនថែមទៀត ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើសិនមានការបង្ហាញនូវទោសប្រមាថព្រះមហាក្សត្រថៃ កើតឡើងហើយការបាត់បង់អំណាច នឹងក្លាយជាធាតុដ៏បន្ទាន់មួយ និងមិនអាចលើកលែងបានឡើយ និងដោយមិនចាំបាច់រងចាំធាតុផ្សំនៃសំណុំរឿងផ្សេងៗដទៃទៀតនោះដែរ។

នៅពេលដែលប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នឹងរកពេលប្រមាណ៣ម៉ោងដើម្បីលាតត្រដាងនូវទង្វើរបស់ ថាក់ស៊ីន ដែលបាននិយាយប្រមាថដល់ព្រះមហាក្សត្រថៃរបស់ខ្លួននោះ ជីវិតនយោបាយរបស់ត្រកូល ថាក់ស៊ីន ក៏កំពុងប្រឈមនឹងភាពមិនទៀងទាត់នៃការកាន់អំណាចក្នុងរាជរដ្ឋាភិបាលថៃទៀតបានឡើយ។

ការស្ទង់មតិថ្មីៗរបស់វិទ្យាស្ថាន NIDA ប្រទេសថៃ ក្រោយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ថា ការជឿទុកចិត្តរបស់សាធារណជនចំពោះគ្រួសារ Shinawatra កំពុងធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមពលរដ្ឋនៅទីក្រុងបាងកក និងវណ្ណៈកណ្តាល ដែលជាជំពូកសង្គមធ្លាប់មានការសង្ស័យ និងជឿជាក់តែទៅលើស្ថាប័នប្រពៃណីនៃរបបរាជានិយមថៃតែប៉ុណ្ណោះ។ នៅក្នុងបរិបទនេះ មហិច្ឆតានយោបាយរបស់ក្រុមរាជានិយម អ្នកអភិរក្សនិយម និងក្រុមសង្គមជាន់ខ្ពស់ នៅក្នុងបាងកក ដែលច្រើនឆ្នាំរួចមកនេះបានចាត់ទុក «ថាក់ស៊ីន» ជាសត្រូវនយោបាយបែបប្រជាធិបតេយ្យជ្រុលនិយម។ ពួកគេទាំងនោះ កំពុងតែរង់ចាំឱកាសនយោបាយថ្មីណាមួយមកដល់ជាបន្ថែមដូចជា ការលាតត្រដាងអំពីបញ្ហាដែល ថាក់ស៊ីន ប្រឆាំងព្រះមហាក្សត្រថៃ ទៀតនោះ ដែលវានឹងអាចជំរុញនាំឱ្យគ្រួសារ Shinawatra រលំជាផ្លូវការចេញពីសង្វៀននយោបាយជាតិថៃ។ ទម្រង់នៃការបង្ហាញទោសនយោបាយនេះ គឺអាចក្លាយជាប្រព័ន្ធបញ្ចប់នយោបាយមួយរបស់ត្រកូល Shinawatra សម្រាប់ការបើកទ្វារដល់ការផ្លាស់ប្ដូរប្រព័ន្ធអំណាចបែបថ្មីនៅក្នុងប្រទេសថៃ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា សម្តេចត្រៀមក្នុងការលាតត្រដាងសកម្មភាពប្រមាថព្រះមហាក្សត្រថៃ ដោយលោក ថាក់ស៊ីន នោះមិនមែនជាសម្តីលេងសើច ឬជាការចង់ផ្ចាញ់យកចំណាប់អារម្មណ៍នយោបាយនោះឡើយ។ តាមពិតទៅ គឺប្រសាសន៍តែមួយនេះហើយ ដែលកំពុងនាំឱ្យសាធារណជនថៃខ្លះបានមើលឃើញថា ជីវិតនយោបាយរបស់ត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រហែលជាឈានដល់ចុងបញ្ចប់របស់ខ្លួន ហើយជាពិសេសនៅក្នុងបរិបទដែលដែនអធិបតេយ្យជាតិរបស់កម្ពុជា កំពុងរងការជ្រៀតជ្រែករំខានពីប្រទេសថៃ។

ចំពោះកម្ពុជាវិញ ការចង់បំបាត់អត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ដែលបក់រវិចតាមទង់ជាតិ រំលេចនូវប្រាសាទបុរាណរបស់ខ្មែរនោះ វាគឺជាសញ្ញានៃភាពប្តេជ្ញាចិត្ត និងជាការគាំទ្ររបស់ខ្មែរទូទាំងប្រទេសដែលបានមើលឃើញថា ប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោ មិនត្រឹមតែបានជួយការពារប្រទេសចៀសផុតពីផែនការអាក្រក់របស់សត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យឆាកនយោបាយរបស់សត្រូវ មានភាពរំជើបរំជួលផងទៀត ជាពិសេសរូប ថាក់ស៊ីន តែម្តងដែលសេចក្តីរាយការណ៍ពីប្រទេសថៃ បានឱ្យដឹងថាគាត់កំពុងរងនូវអារម្មណ៍ជ្រួលច្របល់ជាខ្លាំង។

កាសែត Thai PBS World បានផ្សាយអត្ថបទមួយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយដកស្រង់សម្តីរបស់លោក ថាក់ស៊ីន ដែលបានអំពាវនាវសាធារណៈជនថៃ «សូមកុំជឿលើសម្តីរបស់សម្តេចតេជោ ហ៊ុន សែន»។ សម្តីនោះតាមពិតគឺជាការបង្ហាញនូវភាពប្រមាថលើអារម្មណ៍នៃក្រុមប្រជាពលរដ្ឋថៃ ដែលគេអាចដឹងថាអ្វីជាទង្វើល្អ និងអ្វីជាទង្វើអាក្រក់ ដែលមិនចាំបាច់ឱ្យលោក ថាក់ស៊ីន ចេះតែផ្លុំត្រចៀកប្រជាជនថៃនោះបានឡើយ។ ការនិយាយបែបនេះ គឺជាការចាត់ទុកប្រជាជនថៃខ្លួនឯង គឺជាអ្នកខ្វះវិចារណញ្ញាណ និងសម្តីរបស់ថាក់ស៊ីន នេះត្រូវគេចាត់ទុកថា ជាទង្វើដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងសមត្ថភាពនយោបាយរបស់គាត់តែប៉ុណ្ណោះ។

កាសែតថៃដដែល នៅបានរាយការណ៍ទៀតថា លោក ថាក់ស៊ីន បានប្រកាសនូវសម្តីមិនទុកចិត្តរបស់គាត់ ដាក់លើគណបក្ស ភូមិចៃថៃ (Bhumjaithai Party) ដែលបានដកខ្លួនចេញពីចង្កោមរដ្ឋាភិបាល បន្ទាប់ពីការលេចធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែមិថុនា។

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៧ ខែកក្កដា, លោក ថាក់ស៊ីន បានបញ្ចេញសំណួរ ទៅកាន់មេដឹកនាំគណបក្សភូមិចៃថៃ លោក អនុទិន ឆានវីរៈគុល ថា «តើប្រធានគណបក្សភូមិចៃថៃនេះ ជាជនជាតិខ្មែរ ឬជនជាតិថៃ?» ដែលជាសម្តីបង្ហាញការមិនទុកចិត្តដល់ប្រធានគណបក្សភូមិចៃថៃ នៅពេលដែលបានឃើញនូវភស្ថុតាងនានាជាក់ស្តែង ដែលក្រុមគ្រួសាររបស់លោក ថាក់ស៊ីន បានប្រព្រឹត្តពីក្រោយឆាកនយោបាយ និងត្រូវបានលាតត្រដាងដោយប្រទេសកម្ពុជា។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា សម្តេចនឹងត្រៀមប្រើរយៈពេល៣ម៉ោង ក្នុងការលាតត្រដាងអំពីសកម្មភាពរបស់ ថាក់ស៊ីន ដែលប្រមាថព្រះមហាក្សត្រថៃ នោះត្រូវគេចាត់ទុកថា មិនមែនជាសម្តីលេងសើច ឬជាបទនយោបាយដែលសម្រាប់តែការទាក់ទាញអារម្មណ៍នោះឡើយ ជាពិសេសនៅក្នុងស្ថានភាពដែល ថាក់ស៊ីន បានប្រព្រឹត្តនូវអំពើទ្រុស្តមិត្ត និងមានដៃលូកពីខាងក្រោយនៃនយោបាយថៃ ដែលបាននិងកំពុងបំពានមកលើដែនអធិបតេយ្យជាតិខ្មែរ។

* តើនឹងអាចគ្មានចំណាត់ការតាមផ្លូវច្បាប់លើ ថាក់ស៊ីន ដែរឬទេ បើសិនបើភ័ស្តុតាងប្រមាថព្រះមហាក្សត្រថៃ ត្រូវបានទម្លាយ?
នេះជាសំណួរមួយដែលសាធារណជនថៃខ្លះបានចោទសួរ ប៉ុន្តែប្រទេសថៃមិនអាចលំអៀងលើការអនុវត្តច្បាប់បានឡើយ ពីព្រោះវាជាគុណតម្លៃរបស់ជាតិ។ សំណួរដែលកំពុងចោទសួរក្នុងប្រទេសថៃនោះគឺថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន បង្ហាញភ័ស្តុតាងដ៏ច្បាស់លាស់បញ្ជាក់ថា លោក ថាក់ស៊ីន ពិតបានប្រមាថព្រះមហាក្សត្រថៃ តើនឹងអាចគ្មានការអនុវត្តច្បាប់បានដែរឬទេ?

នៅក្នុងសង្គមរបស់ថៃ បើសិនជាមានឯកសារផ្លូវការ ឬភ័ស្តុតាងដ៏ច្បាស់លាស់បញ្ជាក់ថា លោក ថាក់ស៊ីន ពិតបានប្រមាថព្រះមហាក្សត្រថៃមែន ប៉ុន្តែដោយមិនមានការអនុវត្តច្បាប់ វិញនោះវានឹងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនកាន់តែខ្លាំង។ ប្រជាពលរដ្ឋថៃដែលកាន់ជើងលទ្ធិរាជានិយម និងសង្គមអភិរក្សនិយម នឹងអាចមានអារម្មណ៍ថា ច្បាប់មិនស្មើភាព និងស្ថាប័ន ត្រូវបានកែប្រែដោយអំណាចនយោបាយ។ សង្គមថៃដែលធ្លាប់ដាក់ទោសលើក្រុមបាតុករ ឬសិស្សនិស្សិត តាមបទចោទប្រកាន់លើមាត្រា១១២ អាចនឹងទាមទារឲ្យមានសមភាពនៃការអនុវត្តច្បាប់សាឡើងវិញ។

ម្យ៉ាងទៀត បើសិនជាស្ថាប័នរាជការ ឬតុលាការមិនចាត់សកម្មភាពប្រឆាំងអ្នកប្រមាថព្រះមហាក្សត្រនោះទេ ក្រុមគ្រួសាររបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវគេចោទថា ប្រើសេដ្ឋកិច្ចនយោបាយបង្វិលច្បាប់ ហើយអាចប៉ះពាល់ជាខ្លាំងដល់អនាគតនយោបាយរបស់ក្រុមគ្រួសារថាក់ស៊ីន ទាំងមូលនិងគណបក្សភឿថៃផងដែរ។ ហើយបើប្រសិនណាមានឯកសារបញ្ជាក់ការពិតនូវបទល្មើសប្រមាថព្រះមហាក្សត្រថៃ ហើយប៉ុន្តែបែរជាមិនអនុវត្តវិញនោះ វាជាការបង្ហាញថា ថៃកំពុងស្ថិតក្នុងល្បែងនៃភាពខ្វះតុល្យភាពនៃការអនុវត្តច្បាប់ និងគុណតម្លៃជាតិ។

ថាក់ស៊ីន ពិតជាធ្លាប់បានឆ្លងកាត់រឿងរ៉ាវនយោបាយជាច្រើនក្នុងជីវិតរបស់គាត់ក៏ពិតមែន ហើយមួយផ្នែកធំនៃការរស់រានមានជីវិតនិងការធ្វើនយោបាយរបស់គាត់នាពេលកន្លងមកនេះ ក៏បានទទួលការយកអាសារពីសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ទោះជាយ៉ាងណា ទង្វើទ្រុស្តមិត្តរបស់ថាក់ស៊ីន និងគ្មានភាពគោរពចំពោះក្តីស្មោះត្រង់របស់គាត់នោះ នឹងមិនអាចលុបបំបាត់ និងយកឈ្នះលើសេចក្ដីល្អ ដ៏មានតម្លៃ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្លាប់ជួយឲ្យរូបគាត់ក្នុងអតីតកាលបានឡើយ។

បច្ចុប្បន្ននៅក្នុងបាងកក ស្ថាប័នប្រឆាំងអំពើពុករលួយកំពុងបើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធកូនស្រីរបស់លោក ថាក់ស៊ីន ខណៈរូបលោកដោយផ្ទាល់ក៏កំពុងជាប់ក្តីក្តាំក្នុងសំណុំរឿងឆ្នាំ២០១៥ ពីបទប្រមាថព្រះមហាក្សត្រថៃផងដែរ។ ខណៈតុលាការធម្មនុញ្ញថៃ បានផ្អាកការងាររបស់លោកស្រី ផែថងថាន ពីនាយករដ្ឋមន្ត្រី ដោយកម្លាំងយោធា និងក្រុមអ្នកនយោបាយជាន់ខ្ពស់និយមស្តាំរបស់ថៃ ក៏កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើជំហានបន្ថែមទៀត លើចំណាត់ការតាមផ្លូវច្បាប់ដល់លោក ថាក់ស៊ីន និងកូនស្រីរបស់គាត់។

ប្រសិនបើសម្តេចតេជោ ហ៊ុន សែន បង្ហាញការលាតត្រដាងជាសាធារណៈ ដែលជាភស្តុតាងទាក់ទងនឹងទោសប្រមាថព្រះមហាក្សត្រថៃដោយលោក ថាក់ស៊ីន នោះវាមិនត្រឹមតែជារឿងថ្មីដ៏ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាអាចនាំឲ្យមានការចាប់ផ្តើម នៃការចោទប្រកាន់ទោសថ្មីជាផ្លូវការលើរូបលោក ថាក់ស៊ីន ថែមទៀត។ ដូច្នេះទោះបីជាករណីចាស់នៅមិនទាន់បញ្ចប់លើការដោះស្រាយតាមផ្លូវច្បាប់ក៏ដោយ ឯកសារ ដែលស្ថិតក្នុងដៃសម្តេចតេជោ គឺអាចក្លាយជាគ្រាប់កាំភ្លើងចុងក្រោយ ដែលធ្វើឲ្យ ថាក់ស៊ីន នឹងប្រឈមនូវវាសនាដ៏មិនទៀងទាត់មួយ។

ប្រសិនបើភស្តុតាងនោះ ត្រូវបានបង្ហាញដោយពិតប្រាកដមែន ថាក់ស៊ីន នឹងក្លាយជា ឥស្សរជននយោបាយក្នុងគណបក្សកំពុងកាន់អំណាច ដែលប្រព្រឹត្តនូវទង្វើឆ្លងកាត់ «បន្ទាត់ក្រហម» នៅក្នុងសង្គមថៃ ដែលជាសង្គមការពារប្រព័ន្ធរាជានិយម ដែលមានឥទ្ធិពលនយោបាយគ្របដណ្តប់មកលើព្រះរាជាណាចក្រថៃ។ ទោះបីឥឡូវនេះលោក ថាក់ស៊ីន នៅអាចចាប់ផ្ដើមអំពាវនាវឲ្យសាធារណជនថៃមិនជឿលើសម្តេចតេជោ ហ៊ុន សែន ក៏ដោយ, ប៉ុន្តែក្រោយការលាតត្រដាងនោះ វានឹងមិននៅសល់នូវកន្លែងឱ្យគាត់អាចអំពាវនាវឬត្រូវសរសេរអំពីរឿងនយោបាយរបស់គាត់បានជាបន្តទៀតឡើយ។ ប៉ុន្តែ ថាក់ស៊ីន នឹងអាចសរសេរបាននូវពាក្យ «បញ្ចប់នៃអាណាចក្រ» របស់គាត់ដោយដៃខ្លួនឯងតែម្តង៕