សមាជិកសភាមណ្ឌលស្វាយរៀង នាំទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន៣ នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង

18-07-2025 17:54

(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងភរិយា នៅព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៥ បាននាំទៀនព្រះវស្សានិងទេយ្យទាន បច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣ វត្ត នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឱកាសចូលបុណ្យព្រះវស្សា។

ពិធីនេះបានប្រព្រឹត្តិទៅនៅវត្តទីប៉ារាម ស្ថិតនៅក្នុងឃុំទួលស្តី ដែលជាឃុំដាច់ស្រយាលពីទីរួមខេត្ត ជាប់នឹងព្រំដែនកម្ពុជានិងវៀតណាម ដោយមានការចូលរួមពី លោក ប៊ុន សាវ៉ាន់ សមាជិក គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារ គណបក្សថ្នាក់ខេត្ត ប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណជា៣ខែនេះ ជាពេលវេលា​មួយ​ដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុ​នេះ​ហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន​ព្រះ​វស្សា​សម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យ​ទាន​ផ្សេងៗ​សម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្ត​បិណ្ឌ​បាត្រ​នេះ។

ជារៀងរាល់ឆ្នាំ ឲ្យតែងដល់រដូវបុណ្យចូលព្រះវស្សាលោកបណ្ឌិត សម តារា ក្នុងនាមលោកជាសំណាងរាស្ត្រមណ្ឌលស្វាយរៀង និងក្រុមគ្រួសារតែងតែនាំយកគ្រឿងបរិក្ខារផ្សេងៗព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សាទៅតាមបណ្ដាវត្តមួយចំនួននៅក្នុងខេត្តស្វាយរៀងផងដែរ។

លោកបណ្ឌិត សម តារា តែងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា «យើងបានធ្វើបុណ្យរួមគ្នាយ៉ាងសប្បាយរីករាយនាពេលនេះ ដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ជាពិសេសក្រោមការងារដឹកនាំប្រកបដោយភាពវៃឆ្លាត បុិនប្រសព្វ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ឱ្យបានគង់វង្សយូរអង្វែងកុំឱ្យបាត់បង់ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ»

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកបណ្ឌិត សម តារា និងភរិយា បានប្រគេនទេយ្យទាន បច្ច័យដល់វត្តចំនួន៣ នៅក្នុងឃុំទួលស្ដី សរុបថវិកាអស់ ៦៨០០០០០រៀល (ប្រាំមួយលានប្រាំបីសែនរៀល) ផងដែរ៕