នាយឧត្តមសេនីយ៍ ស ថេត ព្រមានស្នងការខេត្តកោះកុង ក្រោយបង្ក្រាបបទល្មើសហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រ៣៥គ្រឿងមិនដឹងទៅណា, ករណីស្រាវជ្រាវមិនឃើញ លោកនឹងបញ្ជាកម្លាំងថ្នាក់ជាតិចុះភ្លាម

18-07-2025 19:38

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្ដីបន្ទោសដល់ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលបញ្ជាកម្លាំងចុះស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសនូវទីតាំងមួយ ហើយមានការបាត់បង់ទូរស័ព្ទ និងកុំព្យូទ័រនៅទីតាំងនោះ រហូតដល់៣៥គ្រឿង។

ការបន្ទោសរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ គង់ មនោ ត្រូវស្រាវជ្រាវបន្ទាន់លើករណីបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាង បើមិនដូច្នោះទេលោកនឹងបញ្ជាកម្លាំងជំនាញថ្នាក់ជាតិ ចុះស្រាវជ្រាវតែម្ដង។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «យើងទៅធ្វើតែបទល្មើសបានហើយ មិចបានបាត់របស់គេ។ ឥលូវបាត់ទូរស័ព្ទ និងកុំព្យូទ័ររបស់គេទិន្នន័យនៅក្នុងណុង កុំព្យូទ័រ៣៥គ្រឿង ហើយឆ្លើយដាក់គ្នាទៅវិញទៅមក។ ស្នងការកោះកុង មើលកូនចៅបន្ដិចមើល បើមិនអ៊ីចឹងទេឲ្យក្រុមស៉ើបអង្កេតទៅ គេឃើញកម្លាំងស្លៀកឈុតយួររបស់ទាំងហ្នឹង»

យ៉ាងណាក៏ដោយ ពាក់ព័ន្ធការព្រមានរបស់អគ្គស្នងការនគរបាលជាតិនេះ គេមិនទាន់ទទួលរបាយការណ៍ថា ការចុះស្រាវជ្រាវបទល្មើសនេះតាំងពីថ្ងៃណាមកនោះទេ ហើយក៏មិនទាន់ដឹងថាជាបទល្មើសអ្វីនោះដែរ៕