ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់ឥណ្ឌា

18-07-2025 19:59

(ម៉ុមបៃ-ឥណ្ឌា)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌាបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development - NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌា ផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។

អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។

លើសពីនេះទៅទៀត, អនុស្សរណៈយោគយល់នេះ នឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សំដៅចូលរួមការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ បណ្ឌិត កៅ ថាច ក៏បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បំពេញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន សាយ៉ាទ្រី ដែលជាកសិដ្ឋានដ៏ធំមួយក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្ថែ និងផ្លែ-ឈើ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសកសិកម្មផងដែរ៕