អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការចងចាំពីសោកនាកម្មរបបខ្មែរក្រហមរបស់ប្រជាជនកម្ពុជា បានក្លាយជាការចងចាំរបស់មនុស្សជាតិលើពិភពលោក
18-07-2025 20:19
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅល្ងាចថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥នេះ ចំពោះពិធីអបអរសាទរក្នុងការដាក់បញ្ចូល "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ ប្រុស ស្រីយ៉ាងអធិកអធមនិងពោរពេញដោយភាពក្ដុកក្ដួល ដែលធ្វើឲ្យនឹកដល់ព្រឹត្ដិការណ៍នៃរបបប្រល័យពូជសាសន៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩ ប្រមាណ៣.៥លាននាក់ ដ៏សែនរន្ធត់និងខ្លោចផ្សាកាលពីរបបព្រៃផ្សៃនេះ។
ចំពោះការចងចាំពីសោកនាកម្មរបបខ្មែរក្រហមរបស់ប្រជាជនកម្ពុជាដែលមិនអាចបំភ្លេចបាន ហើយត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង គឺបានក្លាយជាការចងចាំរបស់មនុស្សជាតិលើពិភពលោក។ ព្រោះការបំភ្លេចចោលពីអតីតកាលដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា គឺជាកំហុសប្រវត្តិសាស្ត្ររបស់មនុស្សជាតិ និងជាការទាត់ចោលរបបវាលពិឃាតដែលបានកាប់សម្លាប់រង្គាលដែលបង្កទ្បើងដោយសារសង្រ្គាម មនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយយ៉ាងដូច្នោះ។
លោក រ័ត្ន សណ្ដាប់ បន្ដថា ក្នុងព្រឹត្ដិការណ៍នៃការចងចាំនេះទៀតសោត បើយើងងាកក្រោយបន្ដិចតួយ៉ាងដូចជា សម្ដេចបវរធិបតី តាមរយៈសាច់រឿងប្រលោមលោកបែបប្រវត្ដិសាស្រ្ដ ក្នុងរឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី" ក្រោយពីថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ សម្ដេចបវរធិបតី ក្នុងវ័យជាកុមារភាពនៅលើចង្កេះម្ដាយ ដែលបានធ្វើដំណើរមករកឪពុក នៅកំពង់ចម្លងលើសាទ្បាងអ្នកលឿង បានបង្ហាញអំពីភាពស្គមស្គាំង អត់អាហារ ស្លេកស្លាំង ស្រេកឃ្លាន ដណ្ដើមនំបុ័ងពីដៃក្មេងដទៃបម្រុងនិងញាំកាលពីអតីតកាលដ៏សែនរន្ធត់បំផុត។ ហេតុនេះ វត្ដមានសម្ដេចបវរធិបតី ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្ងៃនេះ គឺពិតជាសាក្ស៊ីប្រវត្ដិសាស្រ្តតំណាងឲ្យកុមារ និងប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានទទួលនូវភាពរងគ្រោះ និងពោរពេញដោយការស្រេកឃ្លាន ដែលមិនអាចគណនាអស់បន្សល់ពីការដួលរលំនៃរបបខ្មែរក្រហម។
ដូច្នេះចំពោះពិធីអបអរសាទរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការដាក់បញ្ចូល "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃនេះ ជាគោលគ្រឹះខាងសីលធម៌ ដែលត្រូវពង្រឹងលើនយោបាយ និងសង្គម ដើម្បីយកឈ្នះលើការឈឺចាប់ពីអតីតកាល ដោយយើងត្រូវពង្រឹង"ការអត់ឱន និងសន្ដិភាព"៕