កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online ២ទីតាំងនៅខណ្ឌសែនសុខ និង១ទីតាំងនៅខណ្ឌពោធិ៍សែនជ័យ, ឃាត់ខ្លួនមនុស្ស១៤៥នាក់

18-07-2025 21:12

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន២ទីតាំង ដោយទី១ ស្ថិតនៅក្នុង ផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទី២ នៅក្នុងអគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៣៣នាក់ មានស្រ្តី២៣នាក់ ក្នុងនោះជនជាតិចិន ចំនួន១១៣នាក់ និងជនជាតិខ្មែរ ចំនួន១៦នាក់។ សមត្ថកិច្ចដកហូតវត្ថុតាង CPU ចំនួន១០គ្រឿង, Monitor LCD ចំនួន៣៥គ្រឿង, Laptop ១គ្រឿង, ទូរស័ព្ទដៃ ចំនួន៥២គ្រឿង, ស៊ីមកាតបរទេសជាច្រើន, ម្សៅក្រាមពណ៌ស ចំនួន៤កញ្ចប់(សង្ស័យជាគ្រឿងញៀន), កុំព្យូទ័រលើតុ ចំនួន១២៧គ្រឿង និងទូរដែក ចំនួន១គ្រឿង។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឲ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ដោយឡែក នៅថ្ងៃទី១៧ ខែកក្កដា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារអិមស៉ីមីចេង ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញ ជនជាតិបរទេសសរុបចំនួន៣២នាក់ ក្នុងនោះមានស្ត្រី៩នាក់ និងបានប្រមូលសម្ភាររួមមាន៖ កុំព្យូទ័រ៣៤គ្រឿង, ទូរស័ព្ទ៤៨គ្រឿង និងIPad ២គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបង្រ្កាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី ដោយបានរកឃើញទូបាញ់ត្រី៤គ្រឿង ទូបៀរការ៉ាត់១៦ និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត។ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុកដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត៕