កម្ពុជា ទាត់ចោលការចោទប្រកាន់របស់សារព័ត៌មានថៃថា កម្ពុជាដាក់មីនថ្មីនៅតំបន់ព្រំដែន បណ្ដាលឲ្យទាហានថៃជាន់ផ្ទុះ (Video inside)

18-07-2025 21:44

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាបានដាក់មីនថ្មីនៅតំបន់ព្រំដែន ទើបបណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួស៣នាក់ នៅតំបន់មុំបី។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអាជ្ញាធរមីន បានអះអាងថា ការចុះផ្សាយនោះ មានចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មីនថ្មី។ ក្នុងន័យនេះ អាជ្ញាធរមីន សូមធ្វើការបញ្ជាក់ជូន ដូចខាងក្រោម៖

*១៖ អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបាន ចុះផ្សាយ ដោយមានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី

*២៖ កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏សូមចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ

*៣៖ កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា «បិតាសន្តិភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល» និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្តេជ្ញាចិត្ត ចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យ ពិភពលោកមួយដែលគ្មានមី ដើម្បីធានាឲ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។

*៤៖ កម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ថាជារដ្ឋភាគីមួយដែលមានការប្ដេជ្ញាខ្ពស់ និងជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទដែលមាន និងបានរកឃើញ។

លើសពីនេះ កម្ពុជាបានធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃអនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» កិច្ចប្រជុំទាំងពីរ ទទួលបានជោគជ័យដ៏ ត្រចះត្រចង់។

*៥៖ ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិនសមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់។

កម្ពុជា នឹងនៅតែបន្តឈរលើគោលការណ៍មនុស្សធម៌ និងការគោរពរវាងគ្នានិងគ្នា ហើយជាមួយគ្នានេះ កម្ពុជានៅតែបន្តគោរពតាមអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ក្នុងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅតែប្រកាន់គោលការណ៍ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

*៦៖ អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឲ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន៕