លោក កែ គឹមយ៉ាន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន២វត្ត នៅខេត្តបន្ទាយមានជ័យ

18-07-2025 21:53

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន២វត្ត រួមមាន វត្តអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងវត្តស្វាយចាស់ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។

ការប្រគេនទៀនព្រះវស្សានេះ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធមិត្តដ៏អង់អាចក្លាហាន ហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងបុព្វការីជន ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងឱកាសនោះ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា លោក កែ គឹមយ៉ាន បាននាំយកអំណោយផ្ដល់ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ៕