គណបក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះមរណភាព ឧត្តមសេនីយទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៦

18-07-2025 22:10

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវទុក្ខក្រៀមកំ ប្រកបដោយក្តីក្តុកក្ដួលបំផុតដោយ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០៖០១នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង ដែលបានរួមចំណែកយ៉ាងសកម្មជាមួយគណបក្ស និងធ្លាប់បាន ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង បានទៅកាន់សុគតិភពកុំបីខានឡើយ៕