ប្រើល្បិចជួលកាមេរ៉ាថតរូប រួចយកទៅលក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ, កាមេរ៉ាសរុបដែលទៅលក់បានលុយជាង៤ម៉ឺនដុល្លារ
18-07-2025 22:19
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន៩នាក់ ហើយយកទៅលក់តាមហាងកាមេរ៉ាខុសៗគ្នា ក្នុងតម្លៃ១គ្រឿងៗ ចំនួន១,២៥០ដុល្លារ រហូតដល់២,២៥០ដុល្លារ តាមម៉ាករបស់កាមេរ៉ានីមួយៗ សរុបបានលុយចំនួន៤០,៤៤៤ដុល្លារ។
របាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា លឹមហេង អាយុ២០ឆ្នាំ បានសារភាពថា ខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕