លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ជួបសំណេះសំណាលជាមួយនិស្សិត ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសហុងគ្រី
18-07-2025 22:27
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យនិស្សិតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងសំណេះសំណាល។
និស្សិតរបស់កម្ពុជាចំនួន១៦រូប ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលប្រទេសហុងគ្រី សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយគ្រោងចេញទៅសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបសំណេះសំណាលនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានសម្តែងការអបអរសាទរជាមួយនិស្សិតទាំង១៦រូប និងបានកោតសរសើរពីសមត្ថភាពរបស់ពួកគេ ក្នុងការប្រកួតប្រជែងយកអាហារូបករណ៍នេះ ព្រោះអាហារូបករណ៍មានចំនួនកំណត់ ហើយបេក្ខជន ដែលបានដណ្តើមយកនោះមានចំនួនច្រើន។
លោកអ្នកឧកញ៉ា បានលើកឡើងថា ការផ្តល់អាហារូបករណ៍ពីសំណាក់រដ្ឋាភិបាលប្រទេសហុងគ្រី គឺផ្តើមចេញពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការអប់រំជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលចាប់តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដោយមើលឃើញពីគុណតម្លៃនៃការអប់រំនេះហើយ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ពង្រឹងការអប់រំក្នុងប្រទេស ហើយក៏ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីទទួលបានអាហារូបករណ៍ឱ្យនិស្សិតកម្ពុជា ឱ្យពួកគេទទួលបានការអប់រំកាន់តែប្រសើរនៅក្រៅប្រទេស។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បានផ្ដាំផ្ញើដល់និស្សិតក្ដាប់យកឱកាសដ៏វិសេសវិសាលនេះ ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងតាមជំនាញរៀងៗខ្លួន ហើយនៅពេលបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងមកចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាតបស្នងសងគុណដល់ឪពុកម្ដាយ។
ក្រុមនិស្សិតទទួលបានអាហារូបករណ៍ទៅសិក្សានៅហុងគ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលហុងគ្រី ឱ្យពួកគេមានឱកាសទទួលបានអាហារូបករណ៍។ ក្រុមនិស្សិត ក៏បានថ្លែងអំណរគុណលោកអ្នកឧកញ៉ា ទ្រី ភាព ដែលបានឆ្លៀតពេលវេលាមានតម្លៃឱ្យពួកគេបានចូលជួបទទួលបានដំបូន្មានល្អៗបន្ថែមទៀត ជាទុនសម្រាប់ការសិក្សារៀនសូត្រ និងសម្រាប់ជីវិត។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភថវិកាមួយចំនួនដល់និសិត្សទាំង១៦រូប ជាការលើកទឹកចិត្តសម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការសិក្សារៀនសូត្រ៕