របាយការណ៍! ២២ថ្ងៃ សមត្ថកិច្ចកម្ពុជាបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ៤៥ទីតាំង ឃាត់ខ្លួនមនុស្ស២,២៧០នាក់ នៅ១២រាជធានី-ខេត្ត
18-07-2025 22:43
(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទូទាំងប្រទេស ដោយរយៈពេល២២ថ្ងៃ បង្ក្រាបបាន៤៥ទីតាំង ឃាត់ខ្លួនមនុស្ស២,២៧០នាក់។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖
*១៖ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចំនួន១២ រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបបាន៤៥ទីតាំង/ករណី ដែលចំនួននេះបានកើនបន្ថែម ចំនួន២៥ទីតាំង បើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះ នៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។
*២៖ ឃាត់ខ្លួនជនសង្ស័យសរុប២,២៧០នាក់ (ស្រី៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់ (ស្រី១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់ (ស្រី៤៥), ជនជាតិចិន ៧០២នាក់ (ស្រី៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់ (ស្រី២នាក់), បង់ក្លាដេស ៧០នាក់ (ស្រី២៧នាក), ប៉ាគីស្ថាន ៤២នាក់ (ស្រី៣នាក់) និងជនជាតិផ្សេងៗទៀត រួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។
សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញ បានរកឃើញជនបរទេសដែលបានចូលមកកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ Online Scam មានចំនួនដល់ទៅជិត១០០នាក់។
*៣៖ ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឲ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរស័ព្ទ ម្សៅអេស្ដាស៊ី (ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
*៤៖ ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឲ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេស ទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។
ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឲ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕