ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញលទ្ធផលនៃការអនុវត្តវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន

19-07-2025 08:25

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល G-PSF។

របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍នេះ បានរៀបរាប់លម្អិតស្តីពី វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់លើវិស័យអាទិភាពមួយចំនួនរួមមាន ការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួលបទប្បញ្ញត្តិ ពន្ធដារ គយ និងកសិកម្ម ព្រមទាំងបានបង្ហាញពីទិដ្ឋភាពទូទៅនៃការឆ្លើយតបរបស់ក្រសួងស្ថាប័ននានា ដល់ក្រុមការងារផ្នែកឯកជន និងលើកទិសដៅក្នុងការរៀបចំវេទិកាលើកទី២០ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ខាងមុខ។

ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងពេលដែលយើងប្រារព្វពិធីអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតវេទិកា G-PSF នាពេលនេះ យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ជាងពេលណាៗទាំងអស់ ក្នុងកាលៈទេសៈដែលយើងកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗជាច្រើននៅក្នុងតំបន់ ជាពិសេសការបម្រែបម្រួលនៃការអនុវត្តវិធានពាណិជ្ជកម្មសកល។ វេទិកា G-PSF នឹងនៅតែបន្តពង្រឹងសមត្ថភាពស្ថាប័ន និងបង្កបរិយាកាសធុរកិច្ចជាវិជ្ជមានជូនដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នឹងបន្តជួយជំរុញការអភិវឌ្ឍនិងបង្កើនគណនេយ្យភាពនៃវេទិកា G-PSF ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល និងពិគ្រោះយោបល់ជាមួយក្រុមការងារនៃវេទិកា G-PSF ។

សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជន ដើម្បីប្រមូលធាតុចូលនិងលើកនូវបញ្ហារួមស្នើទៅក្រុមការងារតាមវិស័យរបស់រាជរដ្ឋាភិបាល និងចូលរួមពិនិត្យ ស្វែងរកដំណោះស្រាយដែលបង្កលក្ខណៈងាយស្រួលដល់ការពង្រឹងបរិយាកាសធុរកិច្ចរបស់ផ្នែកឯកជន ក៏ដូចជាការចូលរួមចំណែកលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក DEREK YIP ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានថ្លែងថា៖ ប្រទេសអូស្ត្រាលីបានគាំទ្រកំណែទម្រង់ស្ថាប័ន និងការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាង ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ យើងបានធ្វើការជាមួយ CDC ដើម្បីកែលម្អប្រតិបត្តិការ យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន រួមមានថ្នាលគ្រប់គ្រងទិន្នន័យឌីជីថល ការពង្រឹងសមត្ថភាពក្រុមការងារតាមវិស័យរបស់ G-PSF ដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយនេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ។

រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រលើយន្តការ G-PSF ចាប់តាំងពីឆ្នាំ២០០២ តាមរយៈគម្រោងរបស់ធនាគារពិភពលោក និងបន្តគាំទ្រយន្តការនេះរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដោយបានផ្តោតលើ យន្តការពង្រឹងស្ថាប័ន គុណភាពនៃការអនុវត្តវេទិកា G-PSF និងការលើកកម្ពស់សមត្ថភាពតួអង្គនិងដៃគូរបស់សា្ថប័នពាក់ព័ន្ធនូវកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ២១០នាក់៕