មនសិការមន្ត្រីទៅណា? សាច់សត្វអត់ច្បាប់ពីវៀតណាមចាប់នៅភ្នំពេញបន្តបន្ទាប់ ថ្ងៃមុនសាច់គោ និងភ្លៅមាន់បង្កក៨តោន ឥឡូវស្លាបមាន់ ១០០កេស

19-07-2025 08:47

(ភ្នំពេញ)៖ មហាជនកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីទំនិញ សាច់សត្វផ្សេងៗតែងនាំចូលពីវៀតណាម ហើយដល់រាជធានីភ្នំពេញ ត្រូវរកឃើញថាអត់ច្បាប់? តើនៅព្រំដែនអត់មានមន្ត្រី ឬមន្ត្រីទម្លាក់ចោលតួនាទីភារកិច្ចរបស់ខ្លួន?

កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅសាច់គោបង្កក និងភ្លៅមាន់បង្កកប្រមាណ៨តោន បានលួចដឹកតាមច្រកព្រំដែនក្នុងខេត្តកណ្តាល ដល់កណ្តាលរាជធានីភ្នំពេញ ទើបចាប់បាន ហើយរកឃើញថាអត់ច្បាប់។

នៅថ្ងៃទី១៨ ខែកក្កដា ស្លាបមាន់បង្កកប្រមាណ ១០០កេស ស្មើ១៥០០គីឡូទៀតហើយ ត្រូវបានរកឃើញនាំចូលពីវៀតណាម ដោយគ្មានលិខិតស្នាមអនុញ្ញាត។

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពី ប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្នក្រុម អន្តរាគមន៍ បានយកវត្ថុតាងខាងលេី ទុកនៅទីតាំងចត្តាឡីស័ក ដេីម្បី អនុវត្តតាមនីតិវិធីច្បាប់ ។

ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលកម្ពុជា ដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យច្បាស់លាស់ គេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។

ចំណីអាហារជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ។ អាហារល្អសុខភាពល្អ អាហារមានបញ្ហានាំឱ្យប្រជាពលរដ្ឋកើតជំងឺតម្កាត់ផ្សេងៗ។ ជំងឺ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ប៉ះពាល់នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

ការបណ្តែតបណ្តោយឱ្យទំនិញ សាច់បង្កកចូលកម្ពុជា ដោយគ្មានច្បាប់ ក៏ធ្វើឱ្យបាត់ប្រភពចំណូលរបស់ជាតិ តាមរយៈការប្រមូលពន្ធគយផងដែរ៕