អាជ្ញាធរខេត្តកំពត ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់
19-07-2025 10:40
(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកក៏បានណែនាំដល់ «កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ» ដាច់ខាតត្រូវគោរពតាមច្បាប់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំទុរេន លោក ម៉ៅ ធនិន បានលើកឡើងថា កិច្ចការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែកស៊ីសងខុសច្បាប់ គឺជាកិច្ចការអាទិភាពចម្បងបំផុតសម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់សហការ និងមានយន្តការ បង្ការ ទប់ស្កាត និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពកន្លែងរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវគោរពតាមគោលការច្បាប់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក្នុងករណីស៊ើបទៅមានប្រព្រឹត្តិបទល្មើស ខេត្តនឹងអនុវត្តច្បាប់ដោយគ្មានការលើកលែងនោះទេ។
ក្នុងកិច្ចប្រជុំនោះដែល លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំជុំវិញខេត្ត កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរក្រុង-ស្រុក នាពេលកន្លងមកបានអនុវត្តភារកិច្ចតួនាទីបានល្អប្រសើរ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបង្ការ ទប់ស្កាត និងបង្ក្រាប បាននូវរាល់បទល្មើសផ្សេងៗក្នុងខេត្តគួរជាទីមោទនៈ៕