សមាជិករដ្ឋសភាកម្ពុជា ឆ្ងល់រឿងថៃចោទកម្ពុជា លួចដាក់មីន, មានដ្រូនស៊ើបការណ៍ និងកងកម្លាំងខ្នាប់ដី ហេតុអ្វីចោទខ្មែរលបដាក់មីន? (Video inside)
19-07-2025 12:17
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន បានបង្ហាញការងឿងឆ្ងល់រឿងថៃចោទកម្ពុជាលួចដាក់មីនលើដីតាមព្រំដែនកម្ពុជា-ថៃ។ ចម្ងល់នោះ គឺថៃមានទាំងដ្រូនស៊ើបការណ៍ និងកម្លាំងឱ្យខ្នាប់ដី ហេតុអ្វីចោទខ្មែរលបដាក់មីន ហើយថៃមិនដឹង?
កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ទាហានថៃ ៣នាក់ បានរងរបួសដោយសារជាន់មីន អំឡុងពេលដើរល្បាតលើដីតាមបណ្តោយព្រំដែន។ ហេតុការណ៍ផ្ទុះមីននេះ បណ្តាលឱ្យទាហានថៃម្នាក់ ដាច់ជើងម្ខាង រីឯ ២នាក់ទៀត បានរងរបួស។
បន្ទាប់ពីហេតុការណ៍នេះ ក្រុមយោធាថៃ ព្យាយាមចោទមកកម្ពុជាថា មីនដែលទាហានរបស់គេដើរជាន់នោះជាមីនដាក់ថ្មីៗដោយទាហានកម្ពុជា។
តបនឹងការចោទរបស់ថៃនេះ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជា លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ពីការឃ្លាំមើលព្រំដែនរបស់ទាហានថៃ រហូតពេលកន្លងទៅ គ្រាន់តែទ័ពខ្មែរចេញពីលេណដ្ឋានមិនប្រយ័ត្នក៏ត្រូវពួក sniper ថៃបាញ់សម្លាប់បានដែរ។
បន្ថែមពីលើនោះ ថៃទើបបង្អួតពីដ្រូនគ្រប់បែប ដូចជាដ្រូនត្រួតពិនិត្យ ដ្រូនស៊ើបការណ៍ ដ្រូនប្រយុទ្ធ និងកម្ទេចមុខសញ្ញាសំខាន់ៗជាដើម ហើយកងកម្លាំងរបស់ពួកគេក៏ខ្នាប់ដីផងដែរ ហេតុអីក៏ចោទខ្មែរលបទៅដាក់មីនបាន ?
លោក ខៀវ កាញារីទ្ធ បានលើកឡើងបែបចំអកទៅថាថា ការដាក់មីច្រើនគ្រាប់មានន័យថា ត្រូវប្រើកម្លាំងលើសពី ២នាក់ ម៉េចក៏មិនដឹង?
លោក ខៀវ កាញារីទ្ធ បានលើកឡើងទៀថា កន្លងមកកងបះបោរនៅភូមា មានអាវុធទិញពីឈ្មួញថៃ ហេតុអី ក៏ថៃថា គ្មានមីនរុស្សុី?
សូមបញ្ជាក់ថា ពាក់ព័ន្ធការចោទប្រកាន់របស់ថៃនេះ អាជ្ញាធរមីនរបស់កម្ពុជា បានច្រានចោល ហើយប្រកាសសហការក្នុងស៊ើបអង្កេត ដើម្បីរកការពិតលើរឿងនេះ៕