នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ កម្ពុជាប្តេជ្ញារក្សាសន្តិភាពជាមួយមិត្តជិតខាង, កម្ពុជាត្រូវការមិត្តភាព សន្តិភាព និងមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយឡើយ តែត្រៀមទប់ទល់ និងវាយបកគ្រប់ពេល បើសិនមានការឈ្លានពាន (Video inside)

19-07-2025 16:57

(កំពង់ស្ពឺ)៖ នៅចំពោះមុខមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសេនានុព័ន្ធ អនុព័ន្ធយោធាប្រទេសជាមិត្ត ព្រមទាំងយោធាចារ្យកងទ័ពជើងគោកហ្វីលីពីន និងសិក្ខាកាមយោធាកម្ពុជា ជាង១០០នាក់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ជំហរថារាជរដ្ឋាភិបបាលកម្ពុជា បានប្តេជ្ញារក្សាសន្តិភាពជាមួយមិត្តជិតខាង កម្ពុជាត្រូវការមិត្តភាព សន្តិភាព និងមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយឡើយ។

ការចេញមកបញ្ជាក់ពីជំហររក្សាសន្តិភាពរបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីកងទ័ពកម្ពុជា និងកងទ័ពថៃ កំពុងតែប្រឈមមុខដាក់គ្នានៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងមានពេលខ្លះអាចនឹងឈ្លានដល់ការផ្ទុះអាវុធដាក់គ្នា ខណៈដែលកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ យោធិនកម្ពុជា ១រូបត្រូវបានទាហានថៃ លួចបាញ់ប្រហារបណ្តាឱ្យពលីជីវិត នៅលើដែលអធិបតេ្យភាពរបស់កម្ពុជា។

ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ អតីតទាហានខ្មៅថៃ និងបក្ខពួក បានឆ្មក់វ៉ៃ ទាហានកម្ពុជា គឺលោកព្រិន្ទបាលទោ រិន រ៉ែម នៅវរសេនាតូចលេខ៤២២ នៃកងពលថ្មើរជើងលេខ៤២ ដែលឈាមប្រចាំការនៅលើប្រាសាទតាមាន់ធំ បណ្តាឱ្យមានរបួសជាដើម។

ការបញ្ជាក់ពីជំហររក្សាសន្តិភាពពីសំណាក់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នៅថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនឡើងវិញ ទោះបីសភាពការណ៍ព្រំដែនកើតមានឡើង ប៉ុន្តែ កម្ពុជាគឺចង់បានសុខសន្តិភាព កម្ពុជា ចង់បានស្ថិរភាព ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ពិសេសប្រទេសដែលមានព្រំដែនជាប់គ្នា»

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសញ្ជាក់ថា កម្ពុជា គ្មានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះទេ កម្ពុជា ប្តេជ្ញារក្សានូវសុខសន្តិភាព ពីព្រោះកម្ពុជា​ ទើបតែមានសន្តិភាពពេញលេញ តែ២៧ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយទោះក្នុងតម្លៃប៉ុណ្ណាក៏ដោយ គឺរាជរដ្ឋាភិបាលកម្ពុជា រក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអះអាងថា ប្រសិនបើនៅក្នុងករណីមានការឈ្លានពានណាមួយពីសំណាក់បរទេស កម្ពុជានឹងប្រើប្រាស់សិទ្ធិទប់ទល់ និងការពារខ្លួនពីខ្មាំងសត្រូវ ឬអាចវាយបកនៅក្នុងកម្រិតណាមួយដែលចាំបាច់ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបណ្តោយខ្លួនឱ្យធ្លាក់ក្នុងរណ្តៅនៃភ្លើងសង្គ្រាមឱ្យកើតមានសារជាថ្មីម្តងទៀតនោះទេ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសង្កត់ធ្ងន់ៗថា៖ «កម្ពុជា គឺប្រើប្រាស់សិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី ហើយមិនចង់ធ្វើសង្គ្រាមនោះទេ កម្ពុជាស្វែងរកការដោះស្រាយដោយសន្តិវិធី ប៉ុន្តែ ការចរចាត្រូវតែស្មោះត្រង់»