Fresh Exclusive: អតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត បន្ថែមសម្ពាធលើ ថាក់ស៊ីន និងទទួលស្គាល់ភាពអស្ចារ្យរបស់តេជោសែន៖ មេដឹកនាំខាងក្រៅ ប៉ុន្តែដឹងយ៉ាងច្បាស់ពីនយោបាយផ្ទៃក្នុងថៃ (Video inside)

19-07-2025 17:39

(ភ្នំពេញ)៖ ផ្លូវធ្វើដំណើររបស់ ថាក់ស៊ីន ក្នុងជីវិតនយោបាយកាន់តែជួបនឹងផ្លូវរលាក់កាន់តែខ្លាំងឡើងនាវេលាចុងក្រោយនេះ។ ខណៈថាក់ស៊ីន អំពាវនាវពលរដ្ឋថៃ កុំឱ្យជឿលើសម្តីសម្តេចតេជោសែន ស្រាប់តែអតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា បានប្រកាសថាសម្តីរបស់មេដឹកនាំកម្ពុជា មានការពិត…និងវេលាចុងក្រោយនេះទៀត សូម្បីតែវេជ្ជបណ្ឌិតថៃដែលថែទាំជំងឺ ក៏បង្ហាញភាពសង្ស័យលើសម្តីកុហករបស់ថាក់ស៊ីន ពាក់ព័ន្ធនឹងជំងឺរបស់គាត់ផងដែរ។
Fresh Exclusive មានអត្ថបទស៊ី ជម្រៅលើបញ្ហានេះ៖

នៅពេលដែលលោក ថាក់ស៊ីន កំពុងប្រើសម្តីអំពាវនាវមួយទៅកាន់ប្រជាជនថៃ កុំឱ្យជឿលើសម្តីរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការចង់ជួយសង្គ្រោះជីវិតនយោបាយចុងក្រោយរបស់គាត់ ដែលកំពុងស្ថិតក្នុងក្រឡាទ័លច្រកនោះ ស្រាប់តែអតីតនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា បានថ្លែងចាត់ទុកសម្តីរបស់បុរសខ្លាំងនៃប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងនយោបាយថៃ ជាពិសេសជាមួយនឹងរូបលោកគឺជាការពិត។

អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ថ្លែងនៅក្នុងក្រុងបាងកកនៅថ្ងៃទី១៨ កក្កដាបានទទួលស្គាល់ថា មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងនិយាយនូវការពិតអំពីការទម្លាយនូវអាថ៌កំបាំងសំខាន់ៗរបស់រាជរដ្ឋាភិបាលថៃ ពោលគឺអាថ៌កំបាំងដែលបង្ហាញពីផ្ទៃក្នុងសម្ងាត់របស់ថៃនោះ មិនមែនអ្នកណាក្រៅពី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះទេ។ ការទទួលស្គាល់នេះ មិនត្រឹមតែពង្រឹងការអះអាងដែលបង្ហាញថា ថាក់ស៊ីន បានប្រព្រឹត្តអំពើក្បត់ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាបទល្មើសសង្ស័យមួយដែលបន្ថែមពីលើបទចោទប្រកាន់ប្រមាថបំពានព្រះមហាក្សត្រថៃដោយផ្ទាល់ថែមទៀត។

សម្តីរបស់នាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva គឺជាការផ្តល់ទម្ងន់ជួយកាន់តែខ្លាំងថែមទៀតលើប្រសាសន៍ទម្លាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងបញ្ជាក់ថា លោកនឹងប្រើពេលវេលា៣ម៉ោង ដើម្បីបើកកកាយអំពីរឿងរ៉ាវរបស់ ថាក់ស៊ីន ទាំងអស់ក្នុងនោះរួមមានទាំងសម្តីកុហក និងសម្តីប្រមាថមើលងាយចំពោះព្រះមហាក្សត្រថៃរបស់ខ្លួនឯងផងដែរ។ សម្តេចតេជោ ហ៊ុន សែន នៅបានបង្ហើបពីឯកសារកសាងផ្លូវជាតិលេខ៦៨ ដែលទទួលបានពីលោក ថាក់ស៊ីន ក្នុងអតីតសម័យរដ្ឋាភិបាល លោក Abhisit Vejjajiva ដែលតាមរយៈឯកសារនោះហើយបានប្រញាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការផ្លាស់ប្តូរគម្រោងការណ៍ដែលថៃ ចង់ឱ្យកម្ពុជាខ្ចីលុយដើម្បីធ្វើផ្លូវជាតិលេខ៦៨នោះ។ លោក Abhisit Vejjajiva បានបញ្ជាក់ទទួលស្គាល់ថា៖ «អ្វីដែលលោក ហ៊ុន សែន និយាយទាំងអស់ពាក់ព័ន្ធនឹងរូបខ្ញុំៗត្រូវតែប្រាប់ថាគឺជាការពិត»

ក្នុងចំណុចមួយដែលធ្វើឱ្យរឿងរបស់ ថាក់ស៊ីន កាន់តែក្តៅគគុកនោះគឺប្រសាសន៍របស់សម្តេចតេជោ ដែលត្រៀមនឹងលាតត្រដាងការពិតពាក់ព័ន្ធនឹងសម្តីប្រមាថរបស់ថាក់ស៊ីន ចំពោះព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រចាស់ និងព្រះមហាក្សត្របច្ចុប្បន្ន។

លោក Abhisit Vejjajiva បានថ្លែងបង្ហាញការចង់ឃើញនូវភស្ថុតាងនៃទង្វើប្រមាថព្រះមហាក្សត្រថៃ ប៉ុន្តែលោកបានរំលឹកត្រង់ចំណុចនេះថា «ខ្ញុំគ្រាន់តែកត់សំគាល់ថា ឯកសារ ឬអាថ៌កំបាំង ដែលបែកធ្លាយដល់លោក ហ៊ុន សែន នោះប្រហែលជាឯកសារតែមួយដូចគ្នា នឹងឯកសារដែលលោក ចតុផន ព្រុំផាន់ បានយកមកលាតត្រដាង ហើយក៏ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ពីបទបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល ហើយឥឡូវសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃតុលាការ»

លោក ចតុផន ព្រុំផាន់ (Chatuphon Prompan / จตุพร พรหมพันธุ์) គឺជាអ្នកនយោបាយថៃជាន់ខ្ពស់ និងជាអតីតសមាជិកសភាគណបក្ស Pheu Thai។ គាត់គឺជាអ្នកដឹកនាំសំខាន់មួយរូបក្នុងក្រុម «អាវក្រហម» និងជាអ្នកដឹកនាំគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលថៃ បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ២០០៦ និង ២០១៤។ លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសារ Shinawatra ជាពិសេសលោក ថាក់ស៊ីន និងលោកស្រី Yingluck Shinawatra។

អ្វីដែលលោក Abhisit Vejjajiva ចង់បង្ហាញថាសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដឹងរឿងរ៉ាវ ច្រើននៃនយោបាយថៃនោះ គឺដោយសារតែលោកបានឃើញនូវឧទាហរណ៍ជាក់ស្តែង។ លោក Abhisit បានរំលឹកក្នុងព្រឹត្តិការណ៍មួយក្នុងឆ្នាំ២០០៩ បញ្ជាក់ថា «នៅពេលមានកិច្ចប្រជុំអាស៊ាននៅប៉ាតាយ៉ា មានក្រុមបាតុករ បានព្យាយាមធ្វើឱ្យកិច្ចប្រជុំនេះបរាជ័យ ហើយអ្វីដែលពួកគេធ្វើបានសម្រេចនោះ គឺបិទផ្លូវ រហូតដល់ធ្វើឱ្យមេដឹកនាំប្រទេសមួយចំនួនមិនអាចមកចូលរួមកិច្ចប្រជុំអាស៊ាននាពេលនោះបាន»។

លោក Abhisit បានរៀបរាប់បន្តថា៖ «ពេលមានហេតុការណ៍បែបនេះកើតឡើង នៅទីបំផុតខ្ញុំត្រូវតែធ្វើការសម្រេចចិត្តលុបចោលកិច្ចប្រជុំនេះ ដោយខ្ញុំនៅចាំបានច្បាស់ថា ខ្ញុំបាននិយាយថា យើងបើកកិច្ចប្រជុំមិនបានទេ»

លោកបានរំលឹកបន្តទៀតថា៖ «ប៉ុន្តែវាមិនជាអ្វីទេ សម្រាប់អ្នកដែលបានអញ្ជើញមកដល់ហើយ យើងនឹងទៅទទួលទានអាហារជាមួយគ្នា ប៉ុន្តែលោក ហ៊ុន សែន ជាអ្នកប្រាប់ថា កុំចាំបាច់ទៅទទួលទានអាហារអី យើងបែកផ្លូវគ្នារៀងៗខ្លួនទៅ។ បន្ទាប់ពីនោះបានប៉ុន្មាននាទីក្រោយមកក្រុមបាតុករ ក៏បានសម្រុកចូលមកដល់សណ្ឋាគារដែលមានកិច្ចប្រជុំអាស៊ាននោះតែម្តង»

លោក អាប់ភីស៊ីត បានបញ្ជាក់ត្រង់នេះថា៖ «ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំបានកត់សម្គាល់តាំងពីពេលនោះមកថា លោក ហ៊ុន សែន ពិតជាដឹងច្រើនពិតមែន»

ប្រជាប្រីយ៍ភាពរបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បើយោងតាមការស្ទង់មតិថ្មីៗរបស់វិទ្យាស្ថាន NIDA ប្រទេសថៃ នៅក្នុងខែកក្កដាឆ្នាំ២០២៥ បានបង្ហាញថា ការជឿទុកចិត្តរបស់សាធារណជនចំពោះគ្រួសារ Shinawatra បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមពលរដ្ឋនៅទីក្រុងបាងកក និងវណ្ណៈកណ្តាល ដែលជាជំពូកសង្គម ធ្លាប់មានការសង្ស័យភាពមិនស្មោះត្រង់ របស់វង្សត្រកូលថាក់ស៊ីន។ ភាពមិនស្មោះត្រង់ពាក់ព័ន្ធនឹងគ្រួសារ Shinawatra ស្រាប់តែបានលេចធ្លាយមកថែមទៀតក្នុងពេលដែលប្រជាប្រីយ៍ភាពរបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាន់តែធ្លាក់ចុះនេះ។

វេជ្ជបណ្ឌិតម្នាក់ ដែលថែទាំជំងឺលោក ថាក់ស៊ីន បានទម្លាយឱ្យដឹងពីការសង្ស័យជាខ្លាំងលើ សម្តីនិយាយកុហករបស់ថាក់ស៊ីន លើបញ្ហាចំណោទសុខភាព។ វេជ្ជបណ្ឌិត ចាន់ណា ជុនឆុកឌី Chana Jongchokdee បានប្រាប់ប៉ូលីសថៃថា លោក Thaksin គួរណាស់តែត្រឡប់ទៅកាន់ពន្ធគារវិញ បន្ទាប់ពីទទួលបានការព្យាបាលបឋម។

យោងតាមការផ្តល់សក្ខីកម្ម ពីវេជ្ជបណ្ឌិតថៃរូបនោះ បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងតុលាការថា ស្ថានភាពនៃសុខភាពរបស់លោក Thaksin បានស្ថិតក្នុងភាព «នឹងនរភ្លាមៗ» បន្ទាប់ពីបានមកដល់មន្ទីរពេទ្យប៉ូលិស។ វេជ្ជបណ្ឌិតនិយាយថា ថាក់ស៊ីន អាចអង្គុយសម្រាកលើសាឡុង ជាងការដេកលើគ្រែដូចអ្នកជំងឺ។

តុលាការថៃ កំពុងពិនិត្យសេវាកម្មព្យាបាលជិត៦ខែរបស់លោក Thaksin ក្នុងមន្ទីរពេទ្យ។ ប្រសិនបើតុលាការសន្និដ្ឋានថា ការស្នាក់នៅដោយគ្មានជម្ងឺដូចអះអាងបែបនោះ គឺជាការបំពានវិធានការច្បាប់ ដែលគេអាចនាំឱ្យមានការបញ្ជានាំថាក់ស៊ីន ទៅស្នាក់នៅក្នុងពន្ធនាគារវិញ។ សម្តីបង្ហាញរបស់វេជ្ជបណ្ឌិតថៃនេះ គឺជាចំណុចនៃភាពមិនប្រក្រតីមួយ ដែលគេសង្ស័យថាលោក ថាក់ស៊ីន បាននិយាយកុហកប្រាប់តុលាការអំពីស្ថានភាពសុខភាពរបស់គាត់។ សេចក្តីរាយការណ៍ពីប្រទេសថៃ បានឱ្យដឹងថាពាក់ព័ន្ធនឹងករណីរឿងចំណោទសុខភាពនេះ សវនាការរបស់តុលាការថៃ នឹងបន្តធ្វើនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ព្យុះនយោបាយដែលកំពុងបោកបក់លើលោក ថាក់ស៊ីន ក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនមែនដោយសាររឿងមនោគមវិជ្ជា ឫរឿងបក្ខពួកនិយមណាមួយនោះទេ ទោសរបស់លោកបើសិនជារកឃើញអាចប្រឈមនឹងអំពើក្បត់ជាតិ។ ដូច្នេះជាមួយនឹងសម្តីរបស់លោក អាភីស៊ីត ដែលបានជួយបញ្ជាក់ថាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាសម្តីត្រឹមត្រូវនោះ វានឹងកាន់តែជម្រុញឱ្យវាសនារបស់លោក ថាក់ស៊ីន កាន់តែឈានជិតដល់ចុងបញ្ចប់នៃជីវិតនយោបាយរបស់លោកហើយ៕