គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បន្តបើកយុទ្ធនាការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទដូចភ្លៀងរលឹម
19-07-2025 19:24
(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលដឹកនាំដោយលោក សោ សុវណ្ណ អភិបាលរងខេត្ត បានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តយុទ្ធនាការចុះត្រួតពិនិត្យទីតាំងមួយចំនួនដែលមានករណីសង្ស័យក្នុងភូមិ សាស្ត្រខេត្តប៉ៃលិន ដើម្បីចូលរួមបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ។
លោក សោ សុវណ្ណ បានលើកឡើងថា យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។
លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនកិច្ចសហការគ្នាដើម្បីអនុវត្តយុទ្ធនាការនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្ត ដោយត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងមានដែលករណីសង្ស័យជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋក្នុងការរាយការណ៍ និងផ្តល់តម្រុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕