នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អញ្ជើញគោរពវិញ្ញាក្ខន្ធសព ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦

19-07-2025 20:14

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅគេដ្ឋានភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានបង្ហាញក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងទ័ពជើងគោក បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។

ការបាត់បង់ ឧត្តមសេនីយ៍ទោ ឈុំ ខេង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបមី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ទោ ឈុំ ខេង សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕