ឈាមស្រែកស្បែកហៅ ត្រឹម៥ថ្ងៃ កម្លាំងអាអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿងឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះនៅផ្លូវ OCIC ខណ្ឌជ្រោយចង្វារ ដោយក្របួចឃាតក ៥នាក់
19-07-2025 20:20
(ភ្នំពេញ)៖ កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកំពុងដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណនៅចំណុចផ្លូវ OCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយការពិត្យរបស់គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយវាយក្បាលខាងក្រោយ សង្ស័យជាករណីឃាតកម្មវាយសម្លាប់។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបន្តពង្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមុខកំពូល រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់នាំមកកាន់ការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ជនទាំង០៥នាក់មានឈ្មោះទី ១-ឈ្មោះ អ៊ុសារ ស្នាវី ភេទប្រុស អាយុ២១ឆ្នាំ, ទី២- ឈ្មោះ មាន អ៊ូមើត ភេទប្រុស អាយុ២១ឆ្នាំ, ទី៣ ឈ្មោះ ណូ ហាន់ណាហ្វី ហៅវៃ ភេទប្រុស អាយុ ២០ឆ្នាំ, ទី៤- ឈ្មោះ ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥- ឈ្មោះ មាន សាលីម ភេទប្រុស អាយុ២៣ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងថាពួកខ្លួនពិតជាបានរួមគ្នាប្រព្រឹត្តអំពើឃាតកម្មខាងលើប្រាកដមែន ដោយព្រួតគ្នាវាយដោយដំបង និងមួកសុវត្ថិភាព ទៅលើជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមានទូរស័ព្ទដៃ និងកាបូបលុយ ហើយកន្លងមកពួកខ្លួនតែងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនញៀនជាមួយគ្នា និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕