មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស
20-07-2025 11:26
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពិធីនេះផងដែរក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកតែងតែចំណាយថវិកាសាងសង់ ស្ថាបនា កែលម្អ ទីជំរុំ ជម្រក ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាបន្តបន្ទាប់ រួមទាំងសមិទ្ធផលច្រើនទៀត។
អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានកម្ពស់ ៣ជាន់ (១៨ម៉ែត្រ ), បណ្តោយ ៤២ម៉ែត្រ , ទទឹង១៥ម៉ែត្រ , មានបន្ទប់ចំនួន៩បន្ទប់ , ដំបូលប្រក់ក្បឿង, ត្រូវប្រេីរយៈពេល នៃការសាងសង់ចម្លោះពី១០-១២ខែ។ សមិទ្ធផលនេះដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចរបស់មន្ត្រីកងរាជអាវុធហត្ថ លេីកិច្ចការអនុវត្តតួនាទី ភារកិច្ច ក្នុងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ៕