ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា លោកស្រី មាន សំអាន ផ្ដល់ចង្ក្រានសន្សំសំចៃថាមពល ជូនដល់ប្រជាពលរដ្ឋ ៦៨៨គ្រួសារ នៅឃុំកពង់ស្វាយ ស្រុកកំពង់ស្វាយ
20-07-2025 12:23
(កំពង់ធំ)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមការងារ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់ចង្ក្រានសន្សំសំចៃថាមពលជូនដល់ប្រជាពលរដ្ឋ ៦៨៨ គ្រួសារ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកស្រី យស ថានារី សមាជិករដ្ឋសភាលោកស្រី លំ គន្ធារី អភិបាលរងខេត្ត តំណាងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើន។
នាឱកាសនោះលោកស្រី មាន សំអាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនូវក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានបញ្ជាក់ថា មនុស្សម្នាក់ៗតែងតែគិតគូរទៅលើទ្រព្យសម្បត្តិ និងសុភមង្គលក្នុងគ្រួសារ ដោយមិនសូវបានយកចិត្តទុកដាក់ក្នុងការថែរទាំសុខភាពជាប្រចាំថ្ងៃឡើយ ដែលជាហេតុធ្វើឱ្យធ្លាក់ខ្លួនឈឺក្នុងតំណាក់កាលធ្ងន់ធ្ងរ ហើយការចំណាយថ្លៃសព្យាបាលច្រើន ក្នុងករណីចាំបាច់គាត់ត្រូវយកប្រាក់ដែលបានសន្សំ មកចំណាយលើសេវាព្យាបាលថែមទៀត និយាយជារួមនៅពេលឈឺ គាត់នឹងខកខានមិនបានបំពេញកាងារ បាត់បង់ប្រចំណូលប្រចាំថ្ងៃ ប្រាក់សន្សំត្រូវចំណាយលើសេវាព្យាបាល ដែលធ្វើឱ្យគ្រួសារកើតក្តីបារម្មណ៍។
លោកស្រី បានបញ្ជាក់ដែរថា បរិស្ថានយើងស្អាតព្រោះយើងមានទម្លាប់ល្អ ដល់កូនចៅ មានអនាម័យល្អ ទាំងក្រុមគ្រួសារទាំងសហគមន៍ទាំងមូលជាពិសេសប្រទេសជាតិយើងបានស្អាត ស្រស់បំព្រង ដែលជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ និងជំរុញទេសចរណ៍ហើយជាចលករដ៏មានសក្តានុពលការលើកកម្ពស់សេដ្ឋកិច្ចជាតិថែមទៀត។
ដោយឃើញពីកត្តាសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ បានជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការណ៍ជាមួយក្រុមហ៊ុនអ៊ិនត្រាកូ មកពីប្រទេសវៀតណាម បានធ្វើការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងរួមចំណែកគាំទ្រការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។
លោកស្រី មាន សំអាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ថែរក្សាការពារសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ជាពិសេសការហូបស្អាត ផឹកស្អាត ក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នាបានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស និងជំនាញបច្ចេកទេស ក្នុងការអភិវឌ្ឍប្រទេសជាតិ៕