រដ្ឋលេខាធិការ កែវ សុទ្ធិ៖ មហោស្រពបច្ចេកវិទ្យាមេគង្គ ជាកាតាលីករជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខ

20-07-2025 12:25

(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ (The 3rd Mekong Tech Festival 2025) ក្រោមប្រធានបទ «ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ» នៅ Factory Phnom Penh ដែលនឹងនាំអនាគតបច្ចេកវិទ្យាឌីជីថលនៃពិភពលោក មកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥។

មហោស្រពនេះមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈសេរី សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះ លោក កែវ សុទ្ធិ បានឱ្យដឹងថា មហោស្រពនេះ គឺជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។

លោករដ្ឋលេខាធិការ សង្ឃឹមថាព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការកើនឡើងនៃការគាំទ្រ និងចំណូលចិត្តរបស់យុវជននិងប្រជាពលរដ្ឋចំពោះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះ គឺការផ្តោតលើការរៀនដោយផ្ទាល់ ការអនុវត្តជាក់ស្ដែង និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ហើយក៏ជាការប្រមូលផ្តុំសិស្ស និស្សិត សហគ្រិនវ័យក្មេង អ្នកជំនាញដែលមានបទពិសោធ និងវិនិយោគិន ដើម្បីចែករំលែកគំនិតច្នៃប្រឌិតថ្មី នវានុវត្តន៍ និងការចែករំលែកចំណេះជំនាញលើបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ប្លុកឆេន និងរូបូត ជាដើម។

លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តជាពិសេសឱ្យសិស្ស-និស្សិត និងអ្នកជំនាញវ័យក្មេងទាំងអស់ ចូលរួមប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យាឌីជីថលនវានុវត្តន៍យុវជនចតុមុខ (Chaktomuk Junior Innovative Tech Competition) ដើម្បីបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងយកចិត្តទុកដាក់ស្តាប់មតិយោបល់របស់វាគ្មិនដែលសុទ្ធតែមានចំណេះជំនាញខាងផ្នែកបច្ចេកវិទ្យាឌីជីថលព្រមទាំងអង្កេត និងដកស្រង់បទពិសោធក្នុងការប្រើប្រាស់បច្ចេកវិទ្យាខាងលើឱ្យអស់លទ្ធភាព និងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕