អភិបាលខេត្តព្រះវិហារ លើកទឹកចិត្តដល់និស្សិតទាំងអស់ ក្តាប់យកជំនាញភាសាអង់គ្លេសជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា
20-07-2025 12:54
(ព្រះវិហារ)៖ លោក លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ខេត្តព្រះវិហារ ក្តាប់យកជំនាញភាសាអង់គ្លេសជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា។
លោក គីម រិទ្ធី បានថ្លែងដូចនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីលោកនាយកប្រតិបត្តិវិទ្យាស្ថានបានធ្វើបទបង្ហាញស្វាគមន៍ និងរាយការណ៍ពីប្រវត្តិ ក៏ដូចជាវឌ្ឍនភាពរបស់វិទ្យាស្ថានរួចមក លោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបាននឹងកំពុងបង្រៀន និងសិក្សានៅវិទ្យាស្ថាននេះ។
គ្រាដែលវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ខេត្តព្រះវិហារ មានមហាវិទ្យាល័យចំនួន៥ បានបើកដំណើរការអស់រយៈពេល៦ ឆ្នាំមកហើយនោះ លោកអភិបាលខេត្តព្រះវិហារបានចាត់ទុកជាសំណាងមួយសម្រាប់ខេត្តព្រះវិហារ ដែលមានវិទ្យាស្ថានបែបនេះ ដែលអាចជួយសម្រួលដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាប្អូនៗដែលពុំបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យអាចបន្តការសិក្សាបាន។ ម្យ៉ាងវិញទៀត ការសិក្សានៅវិទ្យាស្ថានក្នុងខេត្តក៏បានកាត់បន្ថយការចំណាយ និងហានិភ័យជាច្រើន បើធៀបនឹងការសិក្សានៅរាជធានីភ្នំពេញ។
លោក គីម រិទ្ធី បានថ្លែងជំរុញ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យក្តាប់យកជំនាញភាសាអង់គ្លេស ជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា ទន្ទឹមនឹងនេះលោកបានស្នើសុំទៅលោកនាយកប្រតិបត្តិវិទ្យាស្ថានឱ្យបង្កលក្ខណៈជូននិស្សិតអាចសិក្សា ជំនាញពីរសម្រាប់និស្សិតម្នាក់ ក្នុងពេលសិក្សាតែមួយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានជំនាញទ្វេរដង និងចៀសវាងការខាតពេលវេលា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលពិភពលោកកំពុងវិវត្តន៍ឈានទៅរកការរីកចម្រើនដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីនៅក្នុង Google និង IT ដែលជាកម្មវិធីទូលំទូលាយ និងអាចផ្តល់ជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងចំណេះដឹងបន្ថែម។លោកក៏ជំរុញឱ្យនិស្សិតទាំងអស់បង្កើតគណនីអ៊ីមែល (Email Account) ដើម្បីជាគុណប្រយោជន៍ក្នុងការទំនាក់ទំនង និងស្វែងរកព័ត៌មាន៕