ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ណែនាំឲ្យសមាជិក សមាជិការក្នុងក្រុងកំពង់ចាម បន្តពង្រឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែល្អប្រសើរ
20-07-2025 12:58
(កំពង់ចាម)៖ លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុមកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានណែនាំឲ្យសមាជិកសមាជិកាទាំងអស់ បន្តពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងចូលរួមសហការគ្នាបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ កន្លងទៅនេះ ។
យ៉ាងណាក៏ដោយនៅក្នុងភារកិច្ចទិសដៅបន្តសម្រាប់ធមាសទី ២ លោកប្រធានគណបក្សខេត្ត បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើកការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យប្រជាពលរដ្ឋបានទទួលសេចក្តីសុខ រស់នៅប្រកបដោយការសប្បាយចិត្ត និងមានទំនុកចិត្តមកលើថ្នាក់ដឹកនាំ។
បើតាមលោកស្រី ឈិត ណារី អនុប្រធានគណបក្សប្រជាជនក្រុងកំពង់ចាម បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងក្រុងកំពង់ចាមមានភាពល្អប្រសើរ ជីវភាព សេដ្ឋកិច្ចសង្គមមានដំណើរការជាប្រក្រតី។ គណបក្សក្រុង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់លើការអនុវត្ត ភារកិច្ចសំខាន់ៗ តាមសេចក្ដីសម្រេច និងសេចក្ដីណែនាំនានា របស់គណ:អចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងចុះកសាងសមាជិកបក្សថ្មី
បន្ថែមទៀត និងបានចិញ្ចឹមចលនាប្រជុំជីវភាពតាមក្រុមបក្សជាប្រចាំ ចុះជួបប្រជាពលរដ្ឋដែលជួបបញ្ហា និងជួបការលំបាកផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដោយចុះផ្ទាល់ដល់ទីកន្លែងតែម្តង៕