គណៈចលនាសាសនិកឥស្លាមកម្ពុជា ចុះសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ
20-07-2025 13:07
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងកម្មវិធីខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមប្រឹក្សារាជធានីខេត្ត អភិបាលរងរាជធានីខេត្ត អុីមាំរាជធានី ខេត្ត សរុបជិត៤០០នាក់។
វត្តមានគណៈប្រតិភូខាងលើ ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានចំនួន៦៥០នាក់ផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ឥស្លាមទាំងមូល បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរយុទ្ធជន និងបងប្អូនកងទ័ពជួរមុខទាំងអស់ ដែលមានស្មារតីឆន្ទៈដ៏មោះមុត អង់អាចក្លាហានការពារព្រំដែន និងទទួលអនុវត្តតាមបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេចតែងតែផ្តល់នូវផ្លូវសម្រាប់យើងរក្សាសុខ សន្តិភាពជូនប្រជាពលរដ្ឋជាទូទៅ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ដែលដណ្តើមមកក្នុងគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កន្លងមក។
ទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា ស្បែករបស់បងប្អូនកងទ័ពជួរមុខដែលមកការពារព្រំដែន គឺជាស្បែករបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយការរស់នៅដោយសុខសាន្តរបស់ប្រជាជាតិមួយ បើគ្មានកងទ័ពដ៏អង់អាចក្លាហាន ការពារបូរណភាពដែនដីទេនោះ គឺច្បាស់ណាស់ថា ប្រជាពលរដ្ឋក៏មិនអាចរស់នៅដោយក្តីសុខសាន្តនោះទេ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរអរគុណ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស និងកងទ័ពទាំងអស់ ដែលមានចិត្តមោះមុខអាចក្លាហាន ក្នុងការឈរជើងត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់យើង៕