ថ្នាក់ដឹកនាំខេត្តក្រចេះ នាំយកជាគ្រឿងឧបភោគ បរិភោគ និងថវិកា ឧបត្ថម្ភជូនកម្លាំងយោធា និងនគរបាលជាតិ ដែលកំពុងប្រចាំការនៅសមរភូមិជួរមុខ
20-07-2025 13:48
(ព្រះវិហារ)៖ លោក ហឿ ស៊ីយឿម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២នេះ បានដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧភោគ បរិភោគ និងថវិកា ៨០លានរៀលឧបត្ថម្ភជូនដល់កងទ័ពជួរមុខនៅបញ្ជារការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដោយទទួលថវិកា២០លានរៀល និងមានការអញ្ជើញមកទទួលដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការរដ្ឋានអង្គរក្ស។
នាឱកាសនោះនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានសម្តែងការស្វាគមន៍ និងថ្លែងអរគុណដល់គណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្តក្រចេះ ដែលបានចុះមកសាកសួរសុខទុក្ខដល់ទីតាំង និងបាននាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិ មាតុភូមិ នៅតាមខ្សែបន្ទាត់ព្រំដែននាពេលនេះផងដែរ។
នាឱកាសនោះដែរ លោក វ៉ា ថន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញមកស្វាគមន៍ដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ខណៈដែលគណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្តក្រចេះ បានមកសួរសុខទុក្ខ និងប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់បងប្អូនកងកម្លាំងកងទ័ពជួរមុខ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនការពារជាតិមាតុភូមិនៃយើង។
លោក វ៉ា ថន បានបន្ថែមថា យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេកប្បការចំពោះនាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង កងកម្លាំងកងទ័ពជួរមុខ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត សុភមង្គលក្នុងក្រុមគ្រួសារ អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុតក្នុងបេសកកម្មការពារបូរណភាពទឹក ដី មាតុភូមិកម្ពុជាដ៏ពិសិដ្ឋរបស់យើងក្នុងពេលបច្ចុប្បន្ននេះ។
យើងទាំងអស់គ្នា ក៏ដូចជាបងប្អូនកងទ័ពទាំងអស់ ពិតជាមានមោទនភាព និងភព្វសំណាង យ៉ាងក្រៃលែង ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការខិតខំដោះស្រាយ បញ្ហាជម្លោះព្រំដែនដោយសន្តិវិធី នាំយកបញ្ហាប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតា ក្របី និងតំបន់មុំបីទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហា ជាជាងបន្សល់ទុកបញ្ហាឱ្យ នៅស្រពិចច្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាថ្មី។
លោក វ៉ា ថន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា មិនចង់បានអ្វីក្រៅតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ ជាពិសេសការកសាងខ្សែបន្ទាត់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ។
ជាមួយគ្នានោះដែរ ក្នុងឱកាសឧបត្ថម្ភគ្រឿងឧភោគ បរិភោគ និងថវិកា ដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៥ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋានគនរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តក្រចេះ ដែលបាននាំយកអំណោយ និងថវិកាជូនដល់កងកម្លាំងនគរបាលជួរមុខ ដែលកំពុងការពារព្រំដែន ដែលនេះជាការបង្ហាញនូវការគិតគូរ និងចិត្តទុកដាក់ដល់កម្លាំងឈរជើងនៅតាមព្រំដែន ដែលបានបង្ហាញពីស្មារតី សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខផងដែរ៕