សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ណែនាំនិស្សិតថ្មី ដែលទើបទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ឱ្យប្រើប្រាស់ CoolApp

20-07-2025 14:33

(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានកិច្ចប្រជុំជាមួយនិស្សិតថ្មី ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា ២០២៥-២០២៦ ដែលដឹកនាំដោយលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម អមដោយលោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាល លោកស្រី ម៉ម ពេជរស្មី ទីប្រឹក្សាសមាគម និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសហការី និងនិស្សិតដែលទើបទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន សរុបមានប្រមាណ១៥០នាក់។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ការសម្របសម្រួលវីសារបស់និស្សិតថ្មី ដែលទើបទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលចិន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើការរណែនាំផ្សេងៗ មុនពេលធ្វើដំណើរទៅប្រទេសចិន នៅចុងខែសីហាខាងមុខនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់បន្ថែមថា និស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅប្រទេស សុទ្ធតែជាសមាជិកសមាជិកា របស់សមាគម មិនថាពួកគាត់ទទួលបានអាហារូបករណ៍ប្រភេទអ្វី ឬតាមរយៈអ្នកណានោះទេ ឬក៏និស្សិតសិក្សាបង់ថ្លៃក៏ដោយ ដោយយោងវិសាលភាពរបស់សមាគមនិស្សិត ស្របតាមលក្ខនិក្តៈរបស់សមាគម ដែលមានការទទួលស្គាល់ផ្លូវការ តាមរយៈលិខិតលេខ ៩៥០៧ រទ.កបទ.សអ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

លោក ញិល សូវៀត ជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា នេះមិនមែនជាលើកទី១នោះទេ ដែលសមាគមនិស្សិត រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជួយដល់និស្សិតថ្មី ដែលទើបទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន។ សមាគមនិស្សិត តែងតែរៀបចំកិច្ចប្រជុំ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ភាពកក់ក្តៅជូននិស្សិត និងអាណាព្យាបាលនិស្សិតផងដែរ។

លោក អ៊ុង ថៃស៊ីនហួរ អនុប្រធានសមាគម បានធ្វើការណែនាំនិស្សិត អំពីការត្រៀមខ្លួនមុនពេលធ្វើដំណើរ និងពេលទៅដល់ប្រទេសចិន ព្រមទាំងបានណែនាំឱ្យនិស្សិតថ្មី ស្គាល់សិស្សចម្បងប្រចាំសាកវិទ្យាល័យ/ប្រចាំខេត្ត និងក្រុង នៃប្រទេសចិន ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដែលមានទំនាក់ទំនងជាមុន។ លោកអនុប្រធានសមាគម បានសង្កាត់ធ្ងន់ចំពោះនិស្សិតដែលតម្រូវសិក្សាភាសាចិន១ឆ្នាំមុន ត្រូវតែខិតខំរៀន ព្រមទាំងមានប្រលង ដើម្បីឡើងទៅថ្នាក់ជំនាញ ដោយសារតែកន្លងមក មាននិស្សិតមួយចំនួន បានប្រលងធ្លាក់មិនអាចបន្តថ្នាក់ជំនាញ ហើយក៍មិនអាចទទួលបានអាហារូបករណ៍បន្តទៀតដែរ។

លោកវេជ្ជបណ្ឌិត លី សៀហ្វុង សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាននិស្សិតប្រចាំខេត្តយូនណាន បានធ្វើណែនាំនីតិវិធីស្នើសុំវីសាបន្តការសិក្សានៅប្រទេសចិន ព្រមទាំងណែនាំនិស្សិតថ្មី ចូលរួមជាក្រុមការងារស្ម័គ្ររបស់សមាគមនិស្សិត អាណត្តិទី៩ ដែលគ្រោងរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

ជាចុងក្រោយ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ បានណែនាំនិស្សិត ប្រើប្រាស់ CoolApp ដែលមានលក្ខណៈងាយស្រួលទំនាក់ទំនង ដោយមិនចាំបាច់ប្រើប្រាស់ VPN ឡើយ ព្រមទាំងពាំនាំការយកចិត្តទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះយុវជននិស្សិតដែលទើបទទួលបានអាហារូបករណ៍នាពេលថ្មីនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្តទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភសម្ភារៈសិល្បៈជាច្រើនមកសមាគមនិស្សិត ដែលចូលរួមចំណែកផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជានៅលើឆាតអន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ចិន មកទស្សនានៅកម្ពុជា៕