សម្តេច ម៉ែន សំអន៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា អនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូប ប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារបស់ខ្លួន

20-07-2025 14:45

(ក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធមិត្តដ៏អង់អាចក្លាហានហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងបុព្វការីជន ព្រមទាំងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិ ពេជ ចន្ទមុនី ជូនដល់អង្គពិធីទាំងមូលដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។

សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយព្រះសង្ឃឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ ១៥កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃ ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ពិធីបុណ្យនេះផងដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង៧សណ្តាន និងបុព្វការីជន ដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕