ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
20-07-2025 15:35
(កំពង់ចាម)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីគណៈអភិបាលស្រុកកំពង់សៀម នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង ៨៥អង្គ និងជូនយាយជី តាជី ចំនួន ៥០នាក់ នៅវត្តហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ទេយ្យទានដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា១គូ សាដក៥ ស្ករស១បាវ ទឹកដោះគោខាប់១កេស ត្រីខ១កេស ទៀនក្រមួន១គីឡូ ធូបមាសដុំធំ១ដុំ អង្ករ២បាវ ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មីជាតិ៥កេសធំ និងបច្ច័យមួយចំនួនទៀត។
ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅវត្តក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។
សូមជម្រាបដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ៕