ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ
20-07-2025 16:12
(បន្ទាយមានជ័យ)៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ គណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិកូនដំរី សង្កាត់និម្មិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជន ដែលជាបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ និងប្រជាជន ហើយសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និង ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជាសផុតពីជម្ងឺតម្កាត់ផ្សេងៗ ។
ជាការឆ្លើយតប តំណាងគ្រួសារសព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ព្រមទាំងប្រតិភូទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យសព ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
នៅក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ព្រមទាំងប្រតិភូ បានធ្វើការគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សុខ ភាព និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងប្រគល់សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព និងបច្ច័យមួយចំនួនផងដែរ។
សូមរំលឹកថា៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាអតីតមេបញ្ជាការកងពល ៤៥០ របស់អតីតខ្មែរក្រហមដ៏មានសក្តានុពល នៅតំបន់ម៉ាឡៃ ភូមិភាគពាយ័ព្យ និងជាអតីតមេខ្មែរក្រហមមួយរូបដែលបានធ្វើចលនាផ្តាច់ខ្លួន ដើម្បីធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងឆ្នាំ១៩៩៦៕