អាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចដែកលួសសំណាញ់
20-07-2025 16:19
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឣនុវត្តតាមនីតិវិធីច្បាប់ ក្រោយឃាត់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីលួចដែកលួសសំណាញ់។
ប្រភពពីកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គឹម សុភារី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគាពីរ៉ាមីត (តំណាងម្ចាស់ដី) បច្ចុប្បន្នស្នាក់នៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចដែកលួសសំណាញ់ នៅចំណុចភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតដល់វេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចាន់ អយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងចំណោមបក្ខពួក២នាក់ ដោយម្នាក់ទៀតឈ្មោះ ហ៊ីង (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (គេចខ្លួនបាត់) រួមទាំងដកហូតវត្ថុតាង ដែកលួសសំណាញ់ ញញួរ កាំបិទខ្វែវ កង់ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចសម្ភារៈចំនួន២លេីករបស់ដើមបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕