ទិញដីឡូត៍ពីវរសេនីយ៍ទោ ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ មិនបានប្លង់ មិនបានដីមានតែគម្រោង ធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ានៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

20-07-2025 16:27

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅទីតាំងដីឡូត៍ដែលពួកគាត់ទិញពីម្ចាស់គម្រោង លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ តែមិនបានប្លង់រឹង និងមិនបានដី ពោលមានតែគម្រោងបើទោះបីបង់លុយរួចយ៉ាងណាក្ដី។ ទីតាំងគម្រោងដីឡូត៍នេះ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ បានអះអាងថា ពួកគាត់សន្សំលុយមិនហ៊ានចាយ ដើម្បីមកបង់រំលោះ, ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលោះ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់តែចុងក្រោយអស់រលីង ជាមួយដីមួយឡូត៍តម្លៃ៣,៨០០ដុល្លារ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ម្ចាស់គម្រោងដីឡូត៍ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី គឺលោកវរសេនីយ៍ទោ ជឿន សារួន ដែលជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ប្រជាពលរដ្ឋរងគ្រោះ ក៏សូមអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឲ្យបានខ្លាំង និងច្បាស់លាស់សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវមានការប្រយ័ត្នខ្ពស់ពេលសម្រេចចិត្តបង់រំលោះដីឡូត៍ទាំងនោះ បារម្ភចុងក្រោយបានតែក្រដាសកិច្ចសន្យា តែមិនបានដី និងប្លង់៕