អភិបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ​ និងធ្វេីការកំណត់ផ្ទៃអាងទឹក​ទន្លេ​ ប្រឡាយ​ បឹងបួរ​ ដែលជាកម្មសិទ្ធិរបស់រដ្ឋ​ និងពិនិត្យលទ្ធភាពស្តារប្រភពទឹកឡើងវិញ

20-07-2025 16:33

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ​ និងធ្វេីការកំណត់ផ្ទៃអាងទឹក​ ទន្លេ​ ប្រឡាយ​ បឹងបួរ​ ដែលជាកម្មសិទ្ធិរបស់រដ្ឋ​ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ និងពិនិត្យលទ្ធភាពស្តារប្រភពទឹកឡើងវិញ​ដេីម្បីទុកជាផលប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រេីប្រាស់ឱ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។

ការចុះពិនិត្យនេះដែរក៏មានការចូលរួមអមដំណើរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត, លោកសរ សុដានី អភិបាលរងខេត្ត, លោកប្រធាន​ អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ​ លោកអភិបាលក្រុង ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន​មួយចំនួនទៀត។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀងរយៈការកន្លងមក បានជូនដំណឹងដល់ប្រជាពលរដ្ឋ មន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបថា តាមការចុះសង្កេតពិនិត្យស្ថានភាព ប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាពេលកន្លងមក រដ្ឋបាលខេត្ត បាន ពិនិត្យឃើញថា ប្រឡាយ បឹង និងព្រែកធម្មជាតិមួយចំនួន មានសភាពរាក់ មិនអាចធ្វើជាអាងស្តុកទឹក សម្រាប់ប្រើប្រាស់ទាំងនៅរដូវប្រាំង និងរដូវវស្សា ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាកសិករ តែងតែមានការខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ពុំអាចធ្វើការបង្កបង្កើនផលស្រូវ បានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ដោយមើលឃើញពីភាពចាំបាច់ ដើម្បីធានានិរន្តរ៍ភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ សម្រាប់បម្រើឲ្យការស្រោចស្រពទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តនូវគោលនយោបាយធារាសាស្ត្រ និងការបង្កើនផលិតភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ គាំទ្រដល់ផែនការសកម្មភាពដែល មានកំណត់ក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវ ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ តទៅរដ្ឋបាលខេត្តស្វាយរៀង នឹងចាត់ក្រុមការងារចុះពិនិត្យទីតាំងប្រឡាយ បឹង និងព្រែកធម្មជាតិក្នុង ភូមិសាស្ត្រខេត្ត ដែលមានសភាពរាក់ ដើម្បីជីកស្តារឡើងវិញ ឲ្យជ្រៅជាងមុន តាមលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាឲ្យប្រឡាយ បឹង និងព្រែកធម្មជាតិទាំងនោះ ក្លាយទៅជាអាងស្តុកសម្រាប់រក្សាទឹកទុក ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត មានក្តីសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់នឹងផ្តល់កិច្ចសហការជាមួយក្រុមការងារ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាត ទឹកប្រើប្រាស់នៅក្នុងភូមិសាស្ត្រខេត្ត និងសម្រាប់បម្រើជាប្រយោជន៍សាធារណៈផងដែរ៕