យល់ដឹងផ្នែកច្បាប់៖ ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
20-07-2025 19:14
(ភ្នំពេញ)៖ ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកដល់ការចំណាយរបស់រដ្ឋ ក្នុងការកសាង អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រក្សាសុវត្តិភាពប្រជាពលរដ្ឋ សុខសន្តិភាពសម្រាប់បប្រទេសជាតិ ។ នៅប្រទេសកម្ពុជា ការបង់ពន្ធ មានច្រើនប្រភេទដូចជា ការបង់ពន្ធនាំចេញ-នាំចូល ការបង់ពន្ធប្រថាប់ត្រា និងការបង់ពន្ធលើថ្លៃសេវាផ្សេងៗ ទៀត ជាដើម។ ល ។ នៅក្នុងចំណោមពន្ធទាំងនោះ ក៏រួមមាន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យផងដែរ ។
តើអ្វី ជាពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ? តើពន្ធប្រថាប់ត្រាលើអចលនទ្រព្យ មានអត្រាពន្ធ ប៉ុន្មាន ភាគរយ និងមានការលើកលែង និងអនុគ្រោះពន្ធទៅលើករណីណាខ្លះ?
ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់ អង្គភាព សារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើក យក ប្រធានបទស្តីពី ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មកធ្វើការចែករំលែកដូចតទៅ។
ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានបង់នៅពេលមានការទិញ លក់ ឬដោះដូរ ឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ។ អត្រាពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លើអចលនវត្ថុ ត្រូវបានកំណត់អត្រា ៤ (បួន) ភាគរយ នៃមូលដ្ឋានគិតពន្ធដែលមូលដ្ឋានគិតពន្ធ គឺជាតម្លៃ អចលនទ្រព្យ សរុប (ដី ឬ/និងសំណង់) ដែលត្រូវបានកំណត់តាមលំដាប់អាទិភាព ដូចជា តម្លៃអចលនទ្រព្យ ដែលត្រូវ បាន កំណត់ ក្នុងឧបសម្ព័ន្ធនៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតម្លៃអចលនទ្រព្យដែលត្រូវបានកំណត់ ក្នុងកិច្ចសន្យា ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត ។ ប៉ុន្តែនៅពេល ករណីមានការអនុគ្រោះពន្ធ មូលដ្ឋានគិតពន្ធ ត្រូវស្មើ តម្លៃ អចនទ្រព្យសរុប ដកការអនុគ្រោះពន្ធ ។
យោងប្រកាស លេខ ៥៧៧ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីពន្ធប្រថាប់ត្រា ប្រការ ៦ បានកំណត់អំពីការលើកលែង និងអនុគ្រោះ លើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់អចលនទ្រព្យដូចខាងក្រោម៖
*ការលើកលែងចំពោះ៖ ១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទាន ពីរាជរដ្ឋាភិបាល សម្រាប់ ប្រយោជ ន៍ សេដ្ឋកិច្ច ឬសង្គមកិច្ច ពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន និង/ឬធ្វើ
កសិឧស្សាហកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ ២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ
៣. ការ ទទួល សិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ ៤. ការទទួលកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់ អចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេស របស់ រាជរដ្ឋាភិបាលនានា ។
*ការអនុគ្រោះ៖ ១. ទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឳពុកម្តាយក្មេកនិងកូនប្រសា រវាងយាយ តា ក្មេក និងចៅប្រសា និងរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត ត្រូវបានអនុញ្ញាតឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះប្រទានកម្ម ។ ២. ការធ្វើប្រទានកម្មលើអចលនទ្រព្យដដែល ចាប់ពីលើកទី២តទៅ រវាងឳពុកម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយតាបង្កើតនិងចៅបង្កើត និងរវាងឳពុកម្តាយ និងកូនបង្កើតនិងកូនប្រសា ដែលជាសហព័ន្ធ របស់ កូនបង្កើត នោះ ដើម្បីជាទ្រព្យសម្បត្តិរួម និង រវាងយាយតានិងចៅបង្កើតនិងចៅប្រសា ដែលជាសហព័ន្ធ របស់ចៅបង្កើតនោះ ដើម្បី ជាទ្រព្យសម្បត្តិរួម ត្រូវបានអនុញ្ញាតឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ។
ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យ ដែលលើកលែងពន្ធ ឬអនុគ្រោះពន្ធប្រថាប់ត្រាក្នុងរង្វង់ញាតិ តម្រូវឱ្យ មាន ឯកសារ និងភស្តុតាងបញ្ជាក់អំពីញាតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង/ឬឯកសារដទៃ ទៀត ដែល អាចបញ្ជាក់បាន ។
អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល (ទោះបីជាមាន ប្រាក់ពន្ធ ស្មើ ០ (សូន្យ) រៀល) ៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃ “ដីកាបញ្ជូន” សំណុំឯកសារគឺ ការផ្ទេរកម្មសិទ្ធិរបស់រដ្ឋបាល សុរិយោដី រាជធានី-ខេត្ត លើអចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ របស់ អាជ្ញាធរដែនដី (ក្រុង-ស្រុក-ខណ្ឌ) លើអចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ។ អ្នកជាប់ពន្ធទាំងអស់ ត្រូវដាក់ លិខិតប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ និងបង់ប្រាក់ពន្ធ លើអចលនទ្រព្យ នៅ ធនាគារ ជាដៃគូ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ហើយចំពោះអចលនទ្រព្យ នៅតាមបណ្តា ខេត្ត អាចដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំ របស់ អ្នក ជាប់ពន្ធ និងនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សរុបសេចក្តីមក ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានតួនាទីសំខាន់ក្នុ ងប្រព័ន្ធពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្របានដល់ដំណើរការនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងភាពជាក់លាក់ ក្នុងការធ្វើប្រតិបត្តិការផ្លូវការ ដោយរួមចំណែកក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិ។
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក កឹង សម្បត្តិជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦៦ ៣១៤ ៣០៤ អ៉ីម៉ែល៖ [email protected]គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕